(ប៉េកាំង)៖ "បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសជាផ្លូវការ នូវទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះនៅថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មានបរទេសដូចជាកាសែត «The Wall Street » របស់អាមេរិកជាដើមសម្គាល់ឃើញថា វិស័យប្រើប្រាស់និងផលិតកម្មឧស្សាហកម្មជាដើម របស់ប្រទេសចិនបានបង្ហាញពី "ភាពសន្ទុះដ៏ខ្លាំងក្លាដែលគួរឱ្យភ្ញាក់ផ្អើល"។
តើភាពសន្ទុះបែបនេះបង្ហាញនៅត្រង់ណា ? ទីមួយគឺ "ការចាប់ផ្តើមដោយរលូន"។ ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗរបស់ចិនភាគច្រើនបានលឿនជាងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ។ ឧទាហរណ៍ដូចជាតម្លៃបន្ថែម នៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសបានកើនឡើង ៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ឧស្សាហកម្មសេវាកម្ម បានបង្ហាញពីនិន្នាការកើនឡើងដ៏ល្អបង្គួរ សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មទូទាំងប្រទេស បានកើនឡើង ៥,៦ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន។
កំណើននៃការលក់ក្នុងទីផ្សារបានពន្លឿនការកើនឡើង ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួន ៨,៣៧ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ និយាយជារួម ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តនិន្នាការងើបឡើងវិញចាប់តាំងពីត្រីមាសទី ៤ នៃឆ្នាំមុនមក ហើយបានរក្សានិន្នាការប្រកបដោយស្ថិរភាពជាទូទៅ។
ឈរលើមូលដ្ឋានដែលប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនក៏បានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីនិងភាពល្អប្រសើរដែរ ។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែម នៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិន គឺលឿនជាង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ហើយល្បឿនកំណើននៃការវិនិយោគលើ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ គឺ លឿនជាងកំណើននៃការវិនិយោគទាំងអស់យ៉ាងច្បាស់លាស់ដែលបង្ហាញឱ្យឃើញថា កម្លាំងផលិតកម្មគុណភាពថ្មីកំពុងទទួល ការអភិវឌ្ឍប្រកបដោយស្ថិរភាព។ សមិទ្ធផលដ៏ល្អបែបនេះ មិនត្រឹមតែបានចាក់មូលដ្ឋានគ្រឹះដ៏ល្អបង្គួរ សម្រាប់សេដ្ឋកិច្ច ក្នុងត្រីមាសទី ១ ប៉ុណ្ណោះទេ ថែមទាំងក៏បានបើកការចាប់ផ្តើមដ៏ល្អប្រសើរ សម្រាប់សេដ្ឋកិច្ចពេញមួយឆ្នាំផងដែរ។
ដោយផ្អែកលើសមិទ្ធផលបែបនេះ មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាវាយតម្លៃយ៉ាងសកម្ម ចំពោះសេដ្ឋកិច្ចចិន។ កាសែត «Financial Times »របស់អង់គ្លេសបានផ្សាយដំណឹងឱ្យដឹងថា វិនិយោគិនបរទេសកំពុង "យល់ដឹងពីប្រទេសចិន" ថែមមួយកម្រិតទៀតដោយសម្គាល់ឃើញថា ប្រទេសចិនអាចនាំមកនូវ "នវានុវត្តន៍និងឱកាស" ដ៏ធំធេងលើវិស័យពិសេសមួយចំនួន។
ទីផ្សារគឺជាធនធានដ៏កម្របំផុត។ ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមបានកើនឡើង ៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ នៅថ្ងៃទី ១៦ ខែមីនា ប្រទេសចិនបានបោះពុម្ភផ្សាយ «ផែនការប្រតិបត្តិពិសេស ស្តីពីការជំរុញការប្រើប្រាស់»ដោយបានធ្វើការរៀបចំចាត់ចែង ចំពោះវិស័យសំខាន់ៗជាច្រើនដូចជា ការប្រើប្រាស់ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ជាដើម។
ដោយឡែកការបើកចំហនៃទីផ្សាររបស់ចិន បានធ្វើឱ្យសហគ្រាសបរទេសមានជំនឿចិត្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិនក្នុងរយៈពេលយូរ។ ពីរដ្ឋាភិបាលចិនប្រកាស «ផែនការប្រតិបត្តិស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥»កាលពីខែមុនដល់មហាសន្និបាតនៃសភាទាំងពីររបស់ចិន បញ្ចេញព័ត៌មានអំពីការពង្រីកការបើកទូលាយ ចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ដូច្នេះ បើនិយាយចំពោះការវិនិយោគបរទេស ឱកាសទីផ្សារមានភាពកាន់តែច្រើនឡើងៗ ទម្រង់វិនិយោគមានភាពកាន់តែសម្បូរបែប ហើយការប្រកបអាជីវកម្មក៏កាន់តែងាយស្រួលផងដែរ។
បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាពកាន់តែស្មុគស្មាញនិងរ៉ឹងតឹង ហើយកត្តាមិនប្រាកដប្រជានិងអស្ថិរភាព បាននិងកំពុងកើនឡើង។ ស្របពេលដែលប្រសិទ្ធភាពចម្រុះ នៃគោលនយោបាយ ដែលមានស្រាប់និងគោលនយោបាយបន្ថែម បានលេចឡើងជាបន្តបន្ទាប់ សេដ្ឋកិច្ចចិនមានលក្ខខណ្ឌទទួលបាន ការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ហើយបន្តឆ្ពោះទៅរកការច្នៃប្រឌិតថ្មី។ ក្នុងដំណើរការនេះ ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន