(ហ្គាហ្សា)៖ អ៊ីស្រាអែល បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសាហាវ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សជាង ៤០០ នាក់ ខណៈដែលខ្លួនបានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារកាន់តែខ្លាំង ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង ដែលនៅតែឃុំខ្លួននៅក្នុងតំបន់ឡោមព័ទ្ធនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើល បានចាប់ផ្តើមពេញមួយយប់ ចំពេលមានការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទាក់ទងនឹងជំហានបន្ទាប់នៃបទឈប់បាញ់ ដែលអាចរាប់បញ្ចូលទាំងការបញ្ចប់សង្រ្គាម និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់។ ការវាយប្រហារនេះបានធ្វើឲ្យដូលរំលំនៃបទឈប់បាញ់ដែលបានបន្តអស់រយៈពេលជិតពីរខែ និងបានបង្កើនការភ័យខ្លាចអំពីការផ្ទុះឡើងវិញពេញទំហឹងនៃសង្រ្គាម ដែលបានអូសបន្លាយអស់រយៈពេល ១៧ ខែកន្លងមកហើយ។

អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារបានកើនឡើងដល់យ៉ាងហោចណាស់ ៤០៤ នាក់ ខណៈដែលជនរងគ្រោះរាប់រយនាក់ទៀត នៅបន្តកប់នៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំ។

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានផ្តោតជាចម្បងលើតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកុះករនៅទូទាំងភាគខាងត្បូង ខាងជើង និងកណ្តាលនៃតំបន់ស្ទ្រីប ក៏ដូចជាជំរំជនភៀសខ្លួនផងដែរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា «ស្ត្រី កុមារ និងមនុស្សចាស់ គឺជាជនរងគ្រោះភាគច្រើន» នៅក្នុងការវាយប្រហារនេះ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រាយការណ៍​ពី​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្កាត់​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ក្រាស់ក្រែល ខណៈ​យន្តហោះ​ចម្បាំង​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីស្រាអែល​ហោះហើរ​ពេញ​ផ្ទៃមេឃ។ ប្រភព​សន្តិសុខ​ក្នុង​រដ្ឋាភិបាល​ហាម៉ាស់​បាន​បញ្ជាក់​ថា មន្ត្រី​ជាន់ខ្ពស់​យ៉ាងតិច ៥ នាក់ និង​សមាជិក​គ្រួសារ​របស់​ពួកគេ​បាន​បាត់បង់​ជីវិត​ក្នុង​ការ​វាយប្រហារ​នេះ៕