(ញូដេលី)៖ ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ឈ្មោះ Sikhs for Justice ដែលហៅកាត់ថា​ SFJ ជាអង្គការភេរវករ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។

ការស្នើសុំនេះធ្វើឡើង ជាងមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរារាំងផែនការដែលពាក់ព័ន្ធនឹងមន្ត្រីឥណ្ឌាម្នាក់ ក្នុងការសម្លាប់មេដឹកនាំក្រុម SFJ នៅក្នុងសហរដ្ឋអាមេរិក។ វ៉ាស៊ីនតោនបានផ្សព្វផ្សាយជាសាធារណៈអំពីផែនការនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយក្រោយមកបានចោទប្រកាន់អតីតមន្ត្រីចារកម្មឥណ្ឌាម្នាក់ ពីបទដឹកនាំផែនការប្រឆាំងនឹងលោក Gurpatwant Singh Pannun ដែលជាពលរដ្ឋអាមេរិក-កាណាដា និងជាទីប្រឹក្សាទូទៅនៃក្រុម SFJ។

ប្រភពរដ្ឋាភិបាលឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការស្នើសុំរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីដាក់ក្រុម SFJ ចូលក្នុងបញ្ជីក្រុមភេរវករ បានធ្វើឡើងនៅក្នុងអំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh ដែលបានជួបជាមួយប្រធានចារកម្មជាតិរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍អំពីសំណើនេះផងដែរ។

គួរបញ្ជាក់ថា ក្រុម SFJ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ បានធ្វើប្រជាមតិដើម្បីជំរុញឱ្យមានរដ្ឋដាច់ដោយឡែកមួយសម្រាប់ជនជាតិ Sikhs ដែលគេហៅថា Khalistan នៅក្នុងប្រទេសឥណ្ឌាដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ។ ប្រទេសឥណ្ឌាបានហាមឃាត់ក្រុម SFJ ក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការគាំទ្ររបស់ក្រុមនេះ ចំពោះសកម្មភាពជ្រុលនិយម និងអបគមន៍ ហើយលោក Pannun ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជា «ភេរវករបុគ្គល» ក្នុងឆ្នាំ ២០២០៕