(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងដោយផ្ទាល់ថា រូបលោកនឹងនិយាយគ្នាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារ ទី១៨ ខែមីនា ដែលនឹងផ្ដោតសំខាន់លើទឹកដី និងទ្រព្យសម្បត្តិ ដែលរុស្ស៉ីអាចនឹងបន្តកាន់កាប់នៅក្រោមបទឈប់បាញ់ណាមួយជាមួយអ៊ុយក្រែន។ តែព្រមពេលជាមួយគ្នា កិច្ចសន្ទនាកាលពីប៉ុន្មានសប្ដាហ៍មុន និងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន សាជាថ្មីត្រូវបាន ក្រុមអ្នកវិភាគខ្លះយកទៅប្រដូចទៅនឹងសន្និសីទទីក្រុង Yalta ឆ្នាំ១៩៤៥ ជាទីដែលអតីតមេដឹកនាំអង់គ្លេស លោក Winston Churchill អតីតមេដឹកនាំសូវៀត លោក Josef Stalin និងអតីតប្រធានាធិបតីអាមេរិក លោក Franklin D.Roosevelt បាននាំគ្នាពុះចែកទឹកដីអឺរ៉ុបដើម្បីគ្រប់គ្រង ដោយមានផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងមួយផ្នែកទៀតនៅក្រោមការគ្រប់គ្រងរបស់អតីតសហភាពសូវៀត ជាមួយការបង្កើត ដែនឥទ្ធិពលរៀងៗខ្លួន រហូតឈានទៅដល់សង្រ្គាមត្រជាក់។
ក្រុមមន្ត្រីសេតវិមានបានបញ្ជាក់ច្បាស់ៗរួចហើយថារុស្ស៉ីនឹងបន្តគ្រប់គ្រងតំបន់គ្រីមៀ។ ដោយឡែក នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា ថាតើមាន សម្បទានអ្វីខ្លះដែលកំពុងស្ថិតក្រោមពិចារណា ក្នុងកិច្ចចរចាបទឈប់បាញ់ លោក ត្រាំ បានឆ្លើយថា «យើងនឹងនិយាយអំពីទឹកដី។ យើងនឹងនិយាយអំពីរោងចក្រថាមពល។ ខ្ញុំគិតថាចំណុចជាច្រើន ត្រូវបានជជែករួចរាល់ហើយជាមួយ ភាគីទាំងសងខាង។ យើងបានពិភាក្សារឿងទាំងនេះរួចហើយ គឺអំពីការបែងចែកទ្រព្យសម្បត្តិមួយចំនួន រវាងអ៊ុយក្រែននិងរុស្ស៉ី»។ លោក ត្រាំ មានការប្រុងប្រយ័ត្នដោយលោកមិនបាននិយាយអ្វីច្រើនពីផ្នែកណាខ្លះនៃទឹកដីរបស់ អ៊ុយក្រែនដែលលោកអាចនឹងលើកយកទៅពិភាក្សា ឬក៏ថាតើលោកអាចនឹងព្យាយាមដាក់កំហិតលើមហិច្ឆតារបស់លោក ពូទីន ដែរឬក៏យ៉ាងណានោះទេ?
រដ្ឋបាលលោក ត្រាំ ធ្លាប់បានបញ្ជាក់ដែរថារុស្ស៉ីអាចនឹងគ្រប់គ្រងទឹកដីដែលកងទ័ពរបស់ខ្លួនកំពុងកាន់កាប់ ហើយដែលទឹកដីទាំងនោះស្មើនឹងជិត ២០ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល។ ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែនបានបង្ហាញ ការព្រួយបារម្ភកាលពីខែកុម្ភៈថាលោក ត្រាំ ប្រហែលជាអាចយល់ព្រមឱ្យលោក ពូទីន ក្រសោបយកទឹកដីអ៊ុយក្រែនផ្សេងទៀតក្នុងនោះរួមមានទាំងកំពង់ផែដ៏សំខាន់នៃទីក្រុង Odesa។ ក្រៅពីនេះនៅមានបញ្ហាមួយចំនួនទៀត ដែលប្រហែលជាអាចក្លាយជាចំណុចស្នូលនៃកិច្ចចរចាដែរ។ បារាំង និងចក្រភពអង់គ្លេសបានបង្ហាញពីបំណងចង់ដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាកងទ័ពមកពីបណ្ដាប្រទេសអឺរ៉ុប។ ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ពូទីន នឹងយល់ព្រម ឬអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនេះដែរឬយ៉ាងណាឡើយ? កងកម្លាំងរក្សាសន្តិភាពត្រូវបានរំពឹងថាអាចនឹងក្លាយជាផ្នែកមួយនៃការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន បើទោះជាគេមិនទាន់ដឹងច្បាស់ថាតើកងទ័ពអឺរ៉ុបអាចនឹងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្ដេច បើគ្មានការគំាទ្រពីសហរដ្ឋអាមេរិកទេនោះ។
តាមពិតទៅ មុននឹងកិច្ចសន្ទនាជាមួយលោក ពូទីន នៅថ្ងៃអង្គារ ទី១៨ ខែមីនា វាមានការឱ្យសញ្ញាខ្លះៗទៅហើយថាលោក ត្រាំ កំពុងផ្ដល់សម្បទានទៅឱ្យលោក ពូទីន។ តួយ៉ាងក្រសួងយុត្តិធម៌អាមេរិកបានប្រាប់ក្រុមមន្ត្រីអឺរ៉ុប ថាសហរដ្ឋអាមេរិកសម្រេចចិត្តដកខ្លួនចេញពីក្រុមអ្នកស៊ើបអង្កេតចម្រុះជាតិសាសន៍មួយដែលកំពុងធ្វើការវែកមុខអ្នកទទួលខុសត្រូវលើការឈ្លានពានអ៊ុយក្រែន ក្នុងនោះមានទាំងលោក ពូទីនផងដែរ។ ជាការពិតណាស់ មិនមាន ប្រវត្តិសាស្ត្រដូចគ្នា១០០ភាគរយទៅនឹងសន្និសីទ្ធទីក្រុង Yalta នោះទេ ហើយកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក៏មានភាពខុសគ្នាជាច្រើនពីលក្ខខណ្ឌនៃសន្និសីទនេះនៅឆ្នាំ១៩៤៥ ផងដែរជាពេលដែលគេមើលឃើញ យ៉ាងច្បាស់ថារបបណាហ្ស៉ីអាល្លឺម៉ង់នឹងដួលរលំយ៉ាងឆាប់រហ័ស។
តែទោះជាបែបនេះក្ដី លោកស្រី Monica Duffy Toft ជាសាស្ត្រាចារ្យម្នាក់ផ្នែកនយោបាយអន្តរជាតិមកពីសាកលវិទ្យាល័យ Tufts បានសរសេរនៅក្នុងទស្សនាវដ្ដី Foreign Affairs កាលពីពេលថ្មីៗនេះថា «ទិដ្ឋភាពនៃភូមិសាស្ត្រ នយោបាយសព្វថ្ងៃហាក់មានភាពស្រដៀងគ្នាទៅនឹងសម័យសង្រ្គាមលោកលើកទី២ដែរ ពីព្រោះថាមហាអំណាចធំៗកំពុងព្យាយាមចរចាអំពីសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ដូចគ្នាទៅនឹងសម្ព័ន្ធមិត្តលោកខាងលិចបានធ្វើ នៅពេល ពួកគេគូសផែនទីពិភពលោកឡើងវិញនៅឯសន្និសីទ Yalta»។ សាស្ត្រាចារ្យរូបនេះបន្តទៀតថាការវាតទីទឹកដីគឺជាអ្វីដែលលោក ពូទីន ចង់បានហើយដែលដូចគ្នាទៅនឹងលោក ត្រាំដែរដែលចង់បានដែនដី Greenland ព្រែកជីក Panama និងកាណាដា ហើយនេះគឺជាអី្វដែលមេដឹកនាំទាំងនេះកំពុងគិតថាពួកគេត្រូវការជាចាំបាច់ដើម្បីធ្វើឱ្យប្រទេសរបស់ពួកគេអសា្ចរ្យម្ដងទៀត។
បើតាមលោកស្រី Monica Duffy Toft ជាសញ្ញាសួរដ៏ធំមួយនៅទីនេះនោះគឺចិន។ ពោលគឺលទ្ធផលនៃកិច្ចចរចា និងជាពិសេសសំណួរថាតើលោក ពូទីន អាចនឹងទទួលបានសម្បទាន ឬយកបាននូវអ្វីដែលលោកចង់បានពីសង្រ្គាម ឈា្លនពានរបស់លោកនៅអ៊ុយក្រែនដែរឬទេ? ប្រហែលជាអាចបញ្ជាក់បានថាតើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើលោកប្រធានាធិបតីចិន ស៊ី ជីនពីងសម្រេចចិត្តថារូបលោកចង់បានតៃវ៉ាន់ ដែរ៕