(វ៉ាស៊ីនតោន)៖ លោក Bill Gates បានធ្វើការបញ្ចុះបញ្ចូលមន្ត្រីរដ្ឋបាល ត្រាំ ឱ្យបន្តផ្តល់មូលនិធិដល់កម្មវិធីសុខភាពទូទាំងពិភពលោក ដែលគ្របដណ្តប់លើការចាក់វ៉ាក់សាំងកុមារ និងការព្យាបាលជំងឺអេដស៍ ដោយព្រមានថាមូលនិធិរបស់លោក មិនអាចបំពេញចន្លោះខ្វះខាត ដែលបណ្តាលមកពីការកាត់បន្ថយថវិកាទាំងនោះបានទេ។ នេះបើយោងតាមប្រភពពីរដែលដឹងច្បាស់ពីបញ្ហានេះ បានប្រាប់ Reuters ដោយផ្តាច់មុខ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា លោក Gates ដែលជាមហាសេដ្ឋីសហស្ថាបនិកក្រុមហ៊ុន Microsoft និងបច្ចុប្បន្នជាអ្នកសប្បុរសធម៌ដ៏ធំក្នុងវិស័យសុខភាពពិភពលោក បានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ដូចជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជំរុញឱ្យមានការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ។
អ្នកនាំពាក្យមូលនិធិ Bill & Melinda Gates បានបញ្ជាក់ថា លោក Bill Gates ថ្មីៗនេះបានទៅទីក្រុងវ៉ាស៊ីនតោន DC ដើម្បីជួបជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត។ លោកបានពិភាក្សាពីសារៈសំខាន់នៃជំនួយអន្តរជាតិរបស់អាមេរិកក្នុងការសង្គ្រោះជីវិត និងតម្រូវការផែនការយុទ្ធសាស្ត្រដើម្បីការពារជនងាយរងគ្រោះបំផុតរបស់ពិភពលោក ព្រមទាំងការពារសុខភាពនិងសន្តិសុខរបស់អាមេរិក។
ប្រភពបានបន្តទៀតថា លោក Gates បានប្រាប់មន្ត្រីដែលលោកបានជួបថា មូលនិធិរបស់លោកមិនមានលទ្ធភាពជំនួសតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយទាំងនេះទេ។ នាយកប្រតិបត្តិមូលនិធិ Gates ក៏បានបញ្ជាក់ជាសាធារណៈដែរថា គ្មានអង្គការសប្បុរសធម៌ណាមួយមានសមត្ថភាពបំពេញចន្លោះនេះបានឡើយ។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចាត់វិធានការកែប្រែរចនាសម្ព័ន្ធទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយកាត់បន្ថយថវិកាកិច្ចសន្យាជាង ៨០% និងបង្កកប្រាក់រាប់ពាន់លានដុល្លារដែលបម្រុងទុកសម្រាប់ជំនួយស្បៀងអាហារបន្ទាន់ រហូតដល់កម្មវិធីការពារជំងឺគ្រុនចាញ់។
ប្រភពមួយបានបន្ថែមថា រដ្ឋបាលត្រាំតាមរយៈក្រសួងការបរទេស ក៏កំពុងពិនិត្យឡើងវិញនូវប្រភេទជំនួយបរទេសណាខ្លះ ដែលនឹងបន្តស្ថិតក្រោមគោលនយោបាយ America First របស់ខ្លួន ដោយមានគម្រោងសុខភាពពិភពលោកប្រមាណ ៣០ ត្រូវបានដាក់បញ្ចូលសម្រាប់ការពិចារណាផងដែរ៕