(បាងកក)៖ គណៈប្រតិភូមកពីប្រទេសថៃ គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ Xinjiang របស់ប្រទេសចិននៅថ្ងៃអង្គារ ដើម្បីត្រួតពិនិត្យលើជនជាតិអ៊ុយហ្គួរ ដែលត្រូវបាននិរទេសត្រឡប់ទៅប្រទេសចិនវិញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។

ដំណើរទស្សនកិច្ចនេះ​ នឹងមានរយៈពេលបីថ្ងៃ និងដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechachai រដ្ឋមន្ត្រីយុត្តិធម៌ លោក Tawee Sodswong ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់ និងសមាជិកសារព័ត៌មានថៃចំនួន ៩ នាក់ទៀត។

រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ​ បានបញ្ជូនជនជាតិអ៊ុយហ្គួរទាំង ៤០ នាក់ត្រឡប់ទៅចិនវិញដោយសម្ងាត់ ដែលទង្វើនេះបានបំពានលើការអំពាវនាវពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានព្រមានថាពួកគេអាចប្រឈមនឹងការធ្វើទារុណកម្ម និងការរំលោភសិទ្ធិធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវបានបញ្ជូនត្រឡប់ទៅវិញ។

សកម្មភាពនេះបានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីបណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីថៃដែលពាក់ព័ន្ធនឹងការនិរទេសនេះ។ សភាអឺរ៉ុបក៏បានថ្កោលទោសប្រទេសថៃផងដែរ ដោយអំពាវនាវឱ្យសហភាពអឺរ៉ុបប្រើប្រាស់ការចរចាពាណិជ្ជកម្មសេរីជាមធ្យោបាយដើម្បីទប់ស្កាត់កុំឱ្យមានហេតុការណ៍បែបនេះកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានយ៉ាងទូលំទូលាយលើជនជាតិអ៊ុយហ្គួរ ដែលជាជនជាតិភាគតិចមូស្លីមប្រមាណ ១០ លាននាក់នៅក្នុងតំបន់ Xinjiang ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងបានចោទប្រកាន់ប្រទេសលោកខាងលិចពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្សព្វផ្សាយព័ត៌មានមិនពិត៕