(ដែនដីប៉ាឡេស្ទីន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារ ទី១៨ ខែមីនាថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលធ្វើឡើងក្នុងលក្ខខណៈទ្រង់ទ្រាយធំបំផុតមួយចាប់តាំងពីបទឈប់បាញ់មួយចូលជាធរមាន កាលពីខែមករាមក បានសម្លាប់មនុស្សជាង ៤០០នាក់ នៅទូទាំងតំបន់ហ្កាហ្សា។ ប៉ុន្តែ លោក Netanyahu បាននិយាយថាការវាយប្រហារនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយ លោក Netanyahu បានព្រមានដូច្នេះថា «ហាម៉ាសបានដឹងពីអំណាចរបស់យើងក្នុងពេល២៤ម៉ោងកន្លងទៅនេះ។ ខ្ញុំសូមព្រមានថានេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ...ហើយចាប់ពីឥលូវតទៅកិច្ចចរចានឹងត្រូវធ្វើឡើងនៅក្រោមកាណុងកាំភ្លើង រីឯសម្ពាធយោធាជារឿងសំខាន់បំផុតសម្រាប់ការដោះលែងចំណាប់ខ្មាំង បន្ថែមទៀត»។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការបំពានលើបទឈប់បាញ់។ ការិយាល័យរបស់លោក Netanyahu បានចោទប្រកាន់ថា ការចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញកើតមានឡើងដោយសារតែក្រុមហាម៉ាស បដិសេធពន្យារបទឈប់បាញ់ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថាហាម៉ាសជាអ្នកទទួលខុសត្រូវចំពោះការចាប់ផ្ដើមសង្រ្គាមឡើងវិញ។
ប៉ុន្តែ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោស ការវាយប្រហាររបស់អ៉ីស្រាអែល ខណៈក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំងអ៉ីស្រាអែល ទទូចសុំឱ្យលោក Netanyahu បញ្ឈប់អំពើហិង្សាដោយសារបារម្ភពីអនាគតមនុស្សជាទីស្រឡាញ់របស់ពួកគេដែលកំពុងជាប់ឃុំនៅហ្កាហ្សា៕