(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធ ទី១៩ ខែមីនា បានចោទប្រកាន់រុស្ស៉ីថាបានទាត់ចោលសំណើបទឈប់បាញ់ស្នើឡើងដោយសហរដ្ឋអាមេរិក ជាមួយការរាយការណ៍អំពីការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងមូស្គូយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនរយៈពេលមួយខែ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញឱ្យរុស្ស៉ី និងអ៊ុយក្រែនទទួលយកបទឈប់បាញ់ពេញលេញមួយមានរយៈពេល៣០ថ្ងៃ ដែលត្រូវបានលោក ដូណាល់ ត្រាំ ចាត់ទុកថាជាជំហានដំបូងដើម្បី ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង៣ឆ្នាំមកនេះ។ ប៉ុន្តែ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ៩០នាទីជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានបដិសេធទទួលយកបទឈប់បាញ់បណ្ដោះអាសន្នសើ្នឡើងដោយអាមេរិក និងដែលអ៊ុយក្រែនយល់ព្រមទទួលយក ដោយនៅតែទទូចឱ្យ បញ្ឈប់ការផ្ដល់ជំនួយយោធា និងព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យទីក្រុងកៀវ។

តាមវិមានក្រឹមឡាំង លោក ពូទីន បានចេញបញ្ជាឱ្យយោធារុស្ស៉ីបញ្ឈប់ត្រឹមតែការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈពេល៣០ថ្ងៃប៉ុណ្ណោះ។ កិច្ចសន្ទនារវាង លោក ត្រាំ និងលោក ពូទីន ក៏សម្រេចបានផងដែរប្រកាសថារុស្ស៉ី និងអ៊ុយក្រែន នឹងដោះដូរឈ្លើយសឹក១៧៥នាក់ទៅវិញទៅមកនៅថ្ងៃពុធនេះ រីឯកិច្ចចរចាជាបន្តបន្ទាប់នឹងត្រូវចាប់ ផ្ដើមភ្លាមៗ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានស្វាគមន៍ការផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល តែលោកបាននិយាយថាត្រូវការសេចក្ដីលម្អិតបន្ថែមពីទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះ លោកបានចោទប្រកាន់ថារុស្ស៉ីបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន។ តាមប្រធានាធិបតីអ៊ុយក្រែនរូបនេះ គោលដៅនៃការវាយប្រហាររបស់រុស្ស៉ី ក្នុងនោះមានជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលក្នុងនោះរួមមានមន្ទីរពេទ្យមួយក្នុងទីក្រុង Sumy ហើយដែលនេះអាចបង្ហាញថារុស្ស៉ីបានច្រានចោលបទឈប់បាញ់ពេញលេញមួយ៕