(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកជាច្រើន បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ី ដែលជាការបន្ធូរបន្ថយសម្ពាធលើទីក្រុងម៉ូស្គូ ខណៈដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។​ នេះបើយោងតាមការរាយការណ៍ផ្តាច់មុខពី Reuters កាលពីថ្ងៃអង្គារ។

កាលពីឆ្នាំមុន អតីតប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជាឱ្យក្រុមសន្តិសុខជាតិរបស់គាត់ បង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យបញ្ហានេះ ស្របពេលមានការព្រមានពីចារកម្មអាមេរិកថា រុស្ស៊ីកំពុងបង្កើនសង្រ្គាមស្រមោលប្រឆាំងនឹងបណ្តាប្រទេសលោកខាងលិច។ ផែនការនេះត្រូវបានដឹកនាំដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) របស់ប្រធានាធិបតី និងភាគីពាក់ព័ន្ធយ៉ាងហោចណាស់ភ្នាក់ងារសន្តិសុខជាតិចំនួនប្រាំពីរដែលធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ការងារជាច្រើនបានជាប់គាំង ដោយសារកិច្ចប្រជុំទៀងទាត់រវាងក្រុមប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីសន្តិសុខជាតិអឺរ៉ុបមិន​ត្រូវ​បាន​រៀបចំ ហើយ NSC ក៏បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាផ្លូវការនៅទូទាំងទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក រួមទាំង FBI នាយកដ្ឋានសន្តិសុខមាតុភូមិ និងក្រសួងការបរទេសផងដែរ។

មន្ត្រី​មួយ​ចំនួន​ក្នុង​ក្រុមការងារ​បារម្ភ​ថា រដ្ឋបាលត្រាំ កំពុង​បន្ទាប​បន្ថោក​សារៈសំខាន់​នៃ​បញ្ហា​នេះ ទោះបីជា​មាន​ការ​ព្រមាន​ពី​ភ្នាក់ងារ​ចារកម្ម​ក៏ដោយ។ ការ​ផ្លាស់ប្តូរ​នេះ​កើតឡើង​បន្ទាប់​ពី​មាន​ការ​ផ្អាក ឬ​លុបចោល​គម្រោង​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​រុស្ស៊ី​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​លោក Biden រួម​មាន​ការ​បញ្ឈប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ FBI ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ការ​បោះឆ្នោត និង​ការ​រំសាយ​ក្រុម​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ី។

សេតវិមាន​មិន​បាន​បញ្ជាក់​ថា​ តើ​ខ្លួន​នឹង​បង្កើត​ក្រុមការងារ​ឆ្លង​ទីភ្នាក់ងារ​នេះ​ឡើង​វិញ​ឬ​យ៉ាងណា​នោះ​ទេ ទៅ​កាន់​មន្ត្រី​អាជីព​ដែល​ធ្លាប់​បាន​ចូលរួម។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជា​ប្រចាំ​រវាង​សហរដ្ឋអាមេរិក និង​អង់គ្លេស​នៅ​តែ​បន្ត។

នៅពេលសួរអំពីការផ្អាកកិច្ចខិតខំប្រឹងប្រែងនេះ សេតវិមានបានបង្វែរសំណួរទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)។ អ្នកនាំពាក្យ NSC លោក Brian Hughes បាននិយាយថា ខ្លួនកំពុងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធដើម្បីវាយតម្លៃ និងរារាំងការគំរាមកំហែងចំពោះប្រជាជនអាមេរិក។ លោក​បាន​រំឭក​ឡើង​វិញ​នូវ​ការ​ព្រមាន​របស់​លោក ត្រាំ ថា ការ​វាយប្រហារ​ណា​មួយ​លើ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ឆ្លើយតប​ដោយ​កម្លាំង​ខ្លាំងក្លា៕