(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថាក្រុមមន្ត្រីអ៊ុយក្រែន និងអាមេរិក អាចនឹងត្រូវជួបគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីពិភាក្សាអំពី បញ្ហាបច្ចេកទេសនៃបទឈប់បាញ់មួយផ្នែក បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងរូបលោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃពុធ ទី១៩ ខែមីនា បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយលោក ត្រាំ ចាប់តាំងពីមានការឈ្លោះប្រកែកគ្នានៅឯសេតវិមាន កាលពី ខែកុម្ភៈកន្លងទៅ លោក ហ្សេលេនស្គី បានសរសេរដូច្នេះថា «យើងបានណែនាំឱ្យក្រុមការងាររបស់យើងដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការអនុវត្ត និងការពង្រីកបទឈប់បាញ់មួយផ្នែក។ ក្រុមមន្ត្រីអ៊ុយក្រែន និងក្រុមមន្ត្រីអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីជួបគ្នា ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីបន្តសម្របសម្រួលការបោះជំហានឆ្ពោះទៅរកសន្តិភាព»

លោក ហ្សេលេនស្គី បានចាត់ទុកកិច្ចសន្ទនារបស់លោកជាមួយលោក ត្រាំ ថាប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន ដ៏មានសារៈសំខាន់ និងស្មោះត្រង់ ហើយរូបលោកក៏បានលើកឡើងដែរថាភាគីអ៊ុយក្រែនបាន ត្រៀមលក្ខណៈរួចរាល់ហើយដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៉ី និងទទួលបទឈប់បាញ់ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី លោក ដូណាល់ ត្រាំ បានសង្ខេបខ្លីៗអំពីកិច្ចសន្ទនារបស់លោកជាមួយលោក ពូទីន កាលពីថ្ងៃអង្គារ ប្រាប់រូបលោក ព្រមទាំងបានពិភាក្សាពីលទ្ធភាពនៃការពង្រឹងសមត្ថភាព ការពារដែនអាកាសរបស់អ៊ុយក្រែន ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ពីលោកខាងលិច៕