(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ទី១៩ ខែមីនាថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ជាផ្នែកមួយនៃការប៉ុនប៉ងចុងក្រោយបំផុតរបស់លោកដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់សម្រាប់ សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គី បាននិយាយនៅក្រោយបញ្ចប់កិច្ចសន្ទនាជាមួយលោក ត្រាំថាទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់រុស្ស៉ី មួយថ្ងៃបន្ទាប់ពីលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារដូចគ្នានេះដែរលើអ៊ុយក្រែន។ លោក ហ្សេលេនស្គីក៏បានឱ្យដឹងដែរថារូបលោកបានពិភាក្សាពីផែនការចង់គ្រប់គ្រងលើ រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនរបស់លោក ត្រាំផងដែរ។ «យើងបានពិភាក្សាគ្នាលើរោងចក្រថាមពលតែមួយប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គីដោយចង់សំដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាមួយការបន្ថែមថាលោកមិនមានអារម្មណ៍ថារងសម្ពាធពីលោក ត្រាំ ឱ្យធ្វើសម្បទានដល់រុស្ស៉ី នោះទេ។
គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងលោក ត្រាំ បានសន្យាថា នឹងជួយឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមពីអឺរ៉ុប និងជួយស្វែងរកកុមារអ៊ុយក្រែនដែលទីក្រុងកៀវចោទថាត្រូវបានចាប់ពង្រត់ដោយរុស្ស៉ី។ តាមសេចក្ដីថ្លែងការណ៍នេះ ដដែល ការធ្វើជាម្ចាស់កម្មសិទ្ធិរបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រេន នឹងក្លាយជាការការពារដ៏ល្អប្រសើរបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលនេះ៕