(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១៩ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក នឹងត្រូវកម្ទេចចោលទាំងស្រុង ហើយបានព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយ​ដល់ហ៊ូទី ចំពោះមុខការបើកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងក្រុមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «អ៉ីរ៉ង់ចាំបាច់ត្រូវបញ្ឈប់ការផ្តល់ជំនួយជាបន្ទាន់។ ទុកឱ្យពួកហ៊ូទីប្រយុទ្ធតស៊ូដោយខ្លួនឯង។ ទោះជាបែបណាក៏ដោយ ពួកគេមុខជានឹងបរាជ័យ ប៉ុន្តែរបៀបនេះ ពួកគេនឹងបរាជ័យកាន់តែឆាប់។ ពួកហ៊ូទីបានរងការខូចខាតយ៉ាងធ្ងន់ ហើយរង់ចាំមើលបន្តថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត។ វាមិនមែនជាការប្រយុទ្ធស្មើភាពទេ ហើយនឹងគ្មានឱកាស​ស្មើភាពឡើយ ដោយពួកគេនឹងត្រូវកម្ទេចចោលទាំងស្រុង»

ក្រុមហ៊ូទីបានវាយប្រហារលើកប៉ាល់ នៅតំបន់សមុទ្រក្រហម បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងបានបន្តរហូតដល់ពេលមានបទឈប់បាញ់ កាលពីខែមករា ដើមឆ្នាំនេះ។ ពួកគេបានអះអាងថា ការវាយប្រហាររបស់ខ្លួន មានគោលដៅបង្ហាញសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន ក្រុមហ៊ូទីបានគំរាមបន្តការវាយប្រហារ​ឡើងវិញ លើកប៉ាល់អ៉ីស្រាអែល ជាហេតុជំរុញឱ្យអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស នៅយេម៉ែន ដែលជាលើកទីមួយ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានចាប់ផ្តើមប្រតិបត្តិការយោធាថ្មីរបស់ខ្លួន ប្រឆាំងក្រុមហ៊ូទីនៅប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍​ចុងសប្តាហ៍មុន ហើយបានប្តេជ្ញាថា នឹងបន្តរហូតទាល់តែ ក្រុមឧទ្ទាមនេះបញ្ឈប់ការវាយប្រហារលើផ្លូវដឹកជញ្ជូនសំខាន់ៗ ក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden៕