(ព្យុងយ៉ាង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានព្រមានជប៉ុន ប្រឆាំងនឹងការដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅតំបន់កោះ Kyushu នៅខែមីនា ឆ្នាំ២០២៦ ដោយនិយាយថា ការបំពាក់សមត្ថភាពសព្វាវុធបែបនេះ នឹងនាំមកនូវការកើនឡើងភាពតានតឹងជាលំដាប់ ក្នុងតំបន់អាស៉ីភាគឦសាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងខែមីនានេះ សារព័ត៌មានជប៉ុន Kyodo ដោយផ្អែកលើប្រភពពីរដ្ឋាភិបាល បានរាយការណ៍ថា ទីក្រុងតូក្យូ​កំពុងពិចារណា ដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ នៅកោះ Kyushu ជាផ្នែកនៃកិច្ចប្រឹងប្រែងបង្កើត «សមត្ថភាពវាយបកតបត» ដើម្បីវាយប្រហារលើគោលដៅសត្រូវ ក្នុងករណីមានគ្រាអាសន្ន។ ទីក្រុងព្យុងយ៉ាង បានចោទជប៉ុន អំពីការបន្តប្រវត្តិសាស្រ្ត ដូចកាលពីអតីតកាល តាមរយៈសកម្មភាពផ្សេងៗ ដូចជាការពង្រឹងសម្ព័ន្ធភាពយោធាជាមួយអាមេរិក និងការគប់គិតជាមួយអង្គការ NATO ជាដើម។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគី រវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់ ហើយបានប្តេជ្ញាចាត់វិធានការផ្សេងៗដើម្បីឆ្លើយតប រួមមានទាំងការបន្តអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ៕