(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួននឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។

សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភា​បោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ នឹងប្រកាសពីការសម្រេចចិត្តថា តើត្រូវដកតំណែងលោក Han ជាផ្លូវការ ឬស្តារតួនាទីរបស់លោកឡើងវិញ។

សភាកូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយបក្សប្រឆាំង បានបោះឆ្នោតដកតំណែង លោក Han ក្រោមហេតុផលមួយចំនួន រួមមានទាំង​ការសង្ស័យជាប់ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹក ការបដិសេធតែងតាំងចៅក្រមតុលាការធម្មនុញ្ញ និងការមិនយល់ព្រមប្រកាស​ច្បាប់ចំនួន២ ដែលសំដៅឱ្យមានការស៉ើបអង្កេតលើលោក Yoon និងជំទាវទី១ លោកស្រី Kim Keon Hee។ លោក Han បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ។

គួរបញ្ជាក់ថា ដោយឡែក មកទល់ពេលនេះ តុលាការធម្មនុញ្ញ នៅតែមិនទាន់កំណត់កាលបរិច្ឆេទ ដើម្បីប្រកាសសាលក្រម សម្រាប់សំណុំរឿងដកតំណែង លោក Yoon នៅឡើយទេ។ លោក Yoon ត្រូវបានសភាបោះឆ្នោតដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំមុន ហើយពេលនោះ លោក Han ដែលជានាយករដ្ឋមន្រ្តី បានឡើងធ្វើជាប្រធានាធិបតីស្តីទី ប៉ុន្តែក្រោយមកនៅថ្ងៃទី២៧ ខែដដែល ខ្លួនលោកផ្ទាល់ ក៏ត្រូវបានសភាបោះឆ្នោតដកតំណែងដូចគ្នា។ សព្វថ្ងៃ រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang Mok កំពុងកាន់តួនាទីជាប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្រ្តីស្តីទី ស្របពេលលោក Yoon និង លោក Han ត្រូវបានព្យួរអំណាច៕