(ហ្កាហ្សា)៖ មន្រ្តីសុខាភិបាលនៅតំបន់ហ្កាហ្សា បានអះអាងថា មនុស្សយ៉ាងហោចណាស់៧០នាក់ បានស្លាប់និងរាប់សិបនាក់ទៀត បានរងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល នៅពាសពេញហ្កាហ្សា នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥។
លំនៅដ្ឋានមួយចំនួន នៅតំបន់ភាគខាងជើងនិងខាងត្បូងហ្កាហ្សាស្រ្ទីព បានស្ថិតក្រោមការវាយប្រហារតាមអាកាស។ កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាអ៉ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបន្តប្រតិបត្តិការជើងគោកឡើងវិញ នៅភាគកណ្តាលនិងភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់ ដែលអនុវត្តចាប់ពីខែមករាមក បានដួលរលំទៅវិញ។
ការបន្តឡើងវិញនៃប្រតិបត្តិការយោធាតាមផ្លូវគោក គឺកើតឡើងមួយថ្ងៃ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនជាង៤០០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលជាការវាយប្រហារដ៏ប្រល័យបំផុតមួយ គិតតាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីខែតុលា ឆ្នាំ២០២៣។ បើតាមមន្រ្តីសុខាភិបាលខាងលើ បើគិតតាំងពីថ្ងៃអង្គារសប្តាហ៍នេះ ការវាយប្រហាតាមអាកាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនសរុបប្រហែល៥១០នាក់ ខណៈជាងពាក់កណ្តាលនៃពួកគេ គឺជាស្រ្តីនិងកុមារ។
គួរបញ្ជាក់ថា សង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ក្រោយពេលក្រុមហាម៉ាស បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំ លើសហគមន៍នៅអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្ស១២០០នាក់ ហើយចាប់មនុស្សជាង២៥០នាក់ផ្សេងទៀត យកធ្វើជាចំណាប់ខ្មាំង។ ជនជាតិប៉ាឡេស្ទីនច្រើនជាង៤៩០០០នាក់ ត្រូវបានសម្លាប់ ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល ហើយតំបន់ហ្កាហ្សាទាំងមូល បានរងការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕