(អូតាវ៉ា)៖ ទិន្នន័យនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញថា ចំនួនប្រជាជនកាណាដា បានកើនឡើងតិចតួចប៉ុណ្ណោះ គិតក្នុងត្រីមាសទី ៤នៃឆ្នាំ ២០២៤ ពោលគឺចាប់តាំងពីវិបត្តិកូវីដ១៩ ខណៈដែលចំណាត់ការបង្រ្កាបរបស់រដ្ឋាភិបាលលើជនអន្តោប្រវេសន៍ ហាក់មានប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។

Statistics Canada ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល បានឱ្យដឹងថា ចំនួនប្រជាជនកាណាដា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ បានកើនឡើង ០.២ភាគរយ គឺដល់ចំនួន ៤១.៥៣លាននាក់ ដែលជាអត្រាកំណើនយឺតបំផុត ចាប់តាំងពីត្រីមាសទី ៤នៃឆ្នាំ ២០២០ ដែលមានកំណើនត្រឹមតែ ០.១ភាគរយ។ មូលហេតុជាចម្បងនៃកំណើនយឺតយាវនេះ គឺដោយសារតែកាត់បន្ថយ ចំនួនអ្នករស់នៅមិនអចិន្ត្រៃយ៍។

កាណាដា បានទទួលស្វាគមន៍ជនអន្តោប្រវេសន៍ចូលមកក្នុងប្រទេស ប៉ុន្តែវត្តមានជនអន្តោប្រវេសន៍ បានជំរុញឱ្យមានវិបត្តិលំនៅឋាន ហើយប្រឈមមុខនឹងការមិនពេញចិត្ត អតីតនាយករដ្ឋមន្រ្តី លោក Justin Trudeau បានដាក់ចេញនូវវិធានការ ដែលរំពឹងថានឹងនាំឱ្យមានការថយចុះចំនួនប្រជាជនចំនួន ០.២ភាគរយក្នុងឆ្នាំ ២០២៥ និង ២០២៦។

ក្រុមអ្នករកស៉ីក្នុងវិស័យឧស្សាហកម្ម បានព្រមានថា ការថយចុះនៃចំនួនជនអន្តោប្រវេសន៍ អាចប៉ះពាល់ដល់កម្លាំងពលកម្ម និងតម្រូវការ ជាពិសេសនៅពេលដែលពន្ធគយពីសហរដ្ឋអាមេរិក កំពុងប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ និងអាជីវកម្ម៕