(Reuters)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការធ្វើតេស្ដបាញ់នៃប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃសុក្រ ទី២១ ខែមីនា បាននិយាយថាលោក គីម ជុងអ៊ុន បានអរគុណដល់ក្រុមអ្នកសា្រវជា្រវកូរ៉េខាងជើងសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីល ប្រឆាំងយន្ដហោះចម្បាំង ហើយថាការធ្វើតេស្ដបាញ់ប្រព័ន្ធនេះបានបង្ហាញពីភាពគួរឱ្យទុកចិត្តបានកម្រិតខ្ពស់ រីឯសមត្ថភាពឆ្លើយតបនៃប្រព័ន្ធអាវុធនេះមានកម្លាំងដ៏ខ្លាំងក្លា។ តាម KCNA ការធ្វើតេស្ដនេះដែរត្រូវបាន រៀបចំឡើងដោយរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង ក្នុងគោលបំណងត្រួតពិនិត្យលើសមត្ថភាពនៃប្រព័ន្ធអាវុធនេះដែលការផលិតបានចាប់ផ្ដើមហើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះមិនបានឱ្យដឹងថាតើ ការធ្វើតេស្ដនេះត្រូវបានធ្វើឡើងនៅទីណានោះទេ តែបាននិយាយថាសមាជិកជាច្រើននាក់នៃគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េក៏បានអមដំណើរ និងចូលរួមជាមួយលោក គីម នៅកន្លែងធ្វើតេស្ដ ផងដែរ។
គួរបញ្ជាក់ថា ការធ្វើតេស្ដបាញ់ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំងរបស់កូរ៉េខាងជើង ធ្វើឡើងក្នុងពេលដំណាលគ្នាទៅនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបិទបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះថា Freedom Shield កាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសទាំង២តែងតែអះអាងជារឿយៗថាការធ្វើសមយុទ្ធយោធារួមគ្នារបស់ខ្លួន មានលក្ខខណៈការពារខ្លួនសុទ្ធសាធ តែកូរ៉េខាងជើងចាត់ទុកថាវាជាការត្រៀមលក្ខខណ្ឌចូល ឈ្លានពានប្រទេសរបស់ខ្លួន៕