(ហ្ស៊េរុយសាឡិម)៖ ប្រមុខទីភ្នាក់ងារ Shin Bet ដែលគេស្គាល់ថាជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អ៉ីស្រាអែល (ISA) គឺលោក Ronen Bar ត្រូវបានបណ្ដេញចេញពីតំណែងហើយនៅថ្ងៃសុក្រ ទី២១ ខែមីនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកនាយរដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu កាលពីសប្ដាហ៍មុនបានលើកឡើងពីការអស់ជំនឿចិត្ត ជាហេតុផលនៅពីក្រោយការបញ្ចប់តួនាទីរបស់លោក Ronen Bar ដែលត្រូវបានតែងតាំងជាប្រមុខ Shin Bet កាលពីខែតុលា ឆ្នាំ២០២១ សម្រាប់អាណត្តិ៥ឆ្នាំ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យលោក Netanyahu បានគូសបញ្ជាក់ថា «រដ្ឋាភិបាលបានអនុម័តជាឯកច្ឆន្ទលើសំណើរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីបញ្ចប់តួនាទីរបស់នាយក ISA លោក Ronen Bar នៅត្រឹមថ្ងៃទី១០ ខែមេសា ឬក៏នៅពេលនាយក ISA ថ្មីត្រូវបានតែងតាំង»

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់លោក Ronen Bar ជាមួយលោក Netanyahu មានភាពល្អក់កករតាំងតែពីមុនការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ទៅទៀត។ តែទំនាក់ទំនងនេះកាន់តែធ្លាក់ចុះដុនដាប ក្រោយការចេញរបាយការណ៍ផ្ទៃក្នុងមួយរបស់ Shin Bet កាលពីថ្ងៃទី៤ ខែមីនា ដែលបានទទួលស្គាល់ពីបរាជ័យរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនេះ ក្នុងការទប់ស្កាត់ ការវាយប្រហាររបស់ក្រុមហាម៉ាស។ កន្លងមក លោក Ronen Bar ក៏ធ្លាប់បានបង្ហើបផងដែរពីចេតនាលាលែងចេញពីតំណែង នៅមុនចប់អាណត្តិ ជាការទទួលខុសត្រូវលើបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហាររបស់ ហាម៉ាស៕