(ស្តុកខុល)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា នាយករដ្ឋមន្រ្តីប្រទេសស៊ុយអែត លោក Ulf Kristersson បាននិយាយថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជា ហានិភ័យផ្នែកសន្តិសុខឡើយ ប៉ុន្តែលោកបានបន្ថែមថា វាប្រហែលជារឿងល្អសម្រាប់ឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកអាវុធ និងបរិក្ខារការពារជាតិផ្សេងទៀត លើទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ពេលមកដល់ទីក្រុងព្រុចសែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយរបស់សហភាពអឺរ៉ុប (EU) ចំពោះមុខការខ្វែងគំនិតជុំវិញមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែន ក៏ដូចជារបស់ EU ផ្ទាល់ លោក Kristersson ត្រូវបានក្រុមអ្នកកាសែតសាកសួរថា តើការទិញសព្វាវុធដែលផលិតដោយអាមេរិក អាចបង្កហានិភ័យចំពោះសន្តិសុខដែរឬយ៉ាងណា។
លោកនាយករដ្ឋមន្រ្តីស៊ុយអែត បានឆ្លើយតបថាអត់ទេ ប៉ុន្តែលោកបានបន្ថែមថា ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប ត្រូវការអភិវឌ្ឍខ្លួនឱ្យរឹងមាំជាងមុន ហើយលោកយល់ថា ទាំងឧស្សាហកម្មការពារជាតិរបស់ស៊ុយអែត រួមទាំងរបស់ប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត នឹងទទួលបានភាពប្រសើរឡើង ប្រសិនបើអឺរ៉ុបអាចកាត់បន្ថយការពឹងផ្អែក លើឧស្សាហកម្មការពារជាតិរបស់អាមេរិក។
គួរបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ កាណាដា ដែលជាសមាជិក NATO បាននិយាយថា ខ្លួនដូចជាពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក សម្រាប់ផ្នែកសន្តិសុខ ហើយបានពិនិត្យមើលឡើងវិញលើ កិច្ចសន្យាស្តីពីការទិញយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនអាមេរិក Lockheed Martin ចំពេលដែលមានសង្រ្គាមពាណិជ្ជកម្មជាមួយ រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ក្នុងខែនេះ ទីក្រុងវ៉ាស៉ីនតោន ក៏បានកាត់ផ្តាច់ការបញ្ជូនអាវុធនិងការចែករំលែកព័ត៌មានសម្ងាត់ មួយរយៈពេលខ្លី ដល់អ៊ុយក្រែនផងដែរ ដែលនាំឱ្យលេចឡើងនូវសំណួរអំពី ហានិភ័យនៃការពឹងផ្អែកខ្លាំងជ្រុល លើប្រព័ន្ធសព្វាវុធរបស់អាមេរិក៕