(ភ្នំពេញ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ (Duterte) កាលរសៀលថ្ងៃទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) បានចូលរួមសវនាការលើកដំបូងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមរយៈតំណភ្ជាប់វីដេអូ។ ចាប់តាំងពីលោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តី នៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមានរយៈពេលត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ។

តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ «ប្រកបដោយប្រសិទ្ធភាព» បែបនេះ។

ការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តី លោក Duterte លើកនេះ មានការកំណត់ពេលវេលាតកន្ទុយគ្នាឥតចន្លោះដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ ខែមីនា នៅពេលដែលលោក Duterte បានទៅដល់ទីក្រុងម៉ានីល លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ លោក Duterte បានមកដល់ទីក្រុងឡាអេ នៅថ្ងៃទី១២ ខែមីនា។ បន្ទាប់ពីពិនិត្យសុខភាពនៅថ្ងៃទី១៣ ខែមីនា ក៏ត្រូវបានឃុំខ្លួន។ ចាប់ផ្តើមដំណើរការជំនុំជម្រះក្តីនៅថ្ងៃទី១៤ ខែមីនា។ ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់ លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់នេះហាក់ដូចជា មានស្ថានទម្ងន់ទោស ប៉ុន្តែ តាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ពេលកំពុងកាន់តំណែង។ មុនពេលលោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៤ លាននាក់ ដែលបញ្ហាគ្រឿងញៀនប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។ បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦ លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលោក Duterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។ ប៉ុន្តែ ឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួន ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។

យោងតាមមាត្រា១២ (១) នៃ «លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ» «ប្រទេសមួយដែលក្លាយជាភាគី នៃលក្ខន្តិកៈនេះ» គឺជាលក្ខខណ្ឌចាំបាច់ ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ កាន់តែមិនមានសិទ្ធិអំណាច ក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte។

អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ហើយក្រុមគ្រួសាររបស់ អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្ន លោក ម៉ាកូស(Marcos) គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺជាមូលហេតុ ដែលរដ្ឋាភិបាលលោក Marcos ប្រើប្រាស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ធ្វើទុក្ខបុកម្នេញលោក Duterte ដែលជាគូប្រជែងនយោបាយ ក្នុងគោលបំណងនយោបាយ។

ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសហ្វីលីពីន ទាក់ទងនឹងបញ្ហានេះ។ យោងតាមគេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៧ ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការ ទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា «ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ»។ នៅល្ងាចថ្ងៃទី១១ ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីន បច្ចុប្បន្ន បានចាប់ខ្លួនឪពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះ គឺជាការប្រមាថជាសាធារណៈចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។

យោងតាមសេចក្តីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្មនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវិញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davao មួយ គឺមានមនុស្សប្រហែល ៣ ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក Duterte កាលពីថ្ងៃទី១៦ ខែមីនានេះ។

វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អំពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ។ សង្ឃឹមថា លោក Duterte អាចទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕