(ឡង់ដ៍)៖ អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស ត្រូវបានបិទនៅថ្ងៃសុក្រ បន្ទាប់ពីមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅស្ថានីយ៍អគ្គិសនីក្បែរនោះ បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ដែលរំខានដល់កាលវិភាគហោះហើរនៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកពន្លត់អគ្គីភ័យប្រហែល ៧០ នាក់កំពុងព្យាយាមពន្លត់ភ្លើងនៅភាគខាងលិចទីក្រុងឡុងដ៍ ដែលបានបំផ្លាញប្រព័ន្ធថាមពលបម្រុងក្នុងតំបន់ផងដែរ ដែលនាំឱ្យមានការដាច់ភ្លើងដ៏ធំនៅ Heathrow ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតនៅអឺរ៉ុប និងជាអាកាសយានដ្ឋានមមាញឹកបំផុតទី ៥ របស់ពិភពលោក។

អណ្តាតភ្លើង​ពណ៌ទឹកក្រូច​ដ៏​ធំ និង​ផ្សែង​ខ្មៅ​ហុយ​ឡើង​លើ​អាកាស​កាលពី​យប់​មិញ មុន​ពេល​ក្រុម​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​ស្ថានការណ៍​បាន។ នៅ​ព្រឹក​ព្រលឹម ផ្លូវ​ជុំវិញ​អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​របស់​ចក្រភពអង់គ្លេស​ស្ទើរតែគ្មានមនុស្ស លើកលែងតែ​អ្នកដំណើរ​មួយ​ចំនួន​ដែល​ដើរ​ចេញ​ជាមួយ​វ៉ាលី។

កងពន្លត់អគ្គិភ័យ​បាន​បញ្ជាក់​ថា​ «អ្នក​ស៊ើបអង្កេត​នឹង​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​អគ្គិភ័យ ហើយ​យើង​នឹង​សហការ​ជាមួយ​ដៃគូ​ដើម្បី​កាត់បន្ថយ​ការ​រំខាន និង​ជួយ​ដល់​សហគមន៍ ខណៈមូលហេតុ​នៃ​ការ​ឆេះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ»។

អាកាសយានដ្ឋាន Heathrow ដែល​គ្រោង​នឹង​គ្រប់គ្រង​ជើងហោះហើរ ១,៣៥១ គ្រឿង និង​អ្នក​ដំណើរ​រហូត​ដល់ ២៩១,០០០ នាក់​នៅ​ថ្ងៃ​នេះ បាន​ប្រកាស​បិទ​រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ​ដោយសារ​ការ​ដាច់​ចរន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ។ អាកាសយានដ្ឋាន​បាន​ណែនាំ​អ្នក​ដំណើរ​ឲ្យ​នៅ​ឆ្ងាយ និង​ទាក់ទង​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួកគេ​សម្រាប់​ព័ត៌មាន​ថ្មីៗ ហើយ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ភាព​រអាក់រអួល​ដែល​បង្ក​ឡើង។

គួរបញ្ជាក់ថា អគ្គីភ័យនេះត្រូវបានគេរាយការណ៍នៅម៉ោង ១១ យប់ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ខំឱ្យយន្តហោះបង្វែរទៅអាកាសយានដ្ឋាននានានៅទូទាំងចក្រភពអង់គ្លេស និងអឺរ៉ុប ខណៈដែលជើងហោះហើរផ្លូវឆ្ងាយជាច្រើនបានត្រឡប់ទៅចំណុចចេញដំណើររបស់ពួកគេវិញ។ រដ្ឋមន្ត្រីក្រសួងថាមពល លោក Ed Miliband បាននិយាយថា ភ្លើង «មហន្តរាយ» បានរារាំងប្រព័ន្ធថាមពលបម្រុងមិនឱ្យដំណើរការ ហើយវិស្វករកំពុងធ្វើការដើម្បីដាក់ពង្រាយយន្តការបម្រុងទីបី៕