(វ៉ាស៊ីនតោន)៖ លោក Elon Musk បាន​រិះគន់​សារព័ត៌មាន New York Times និង​អំពាវនាវ​ឱ្យ​កាត់ទោស​មន្ត្រី​មន្ទីរ​ប៉ង់តាហ្គោន​ ដែល​បាន​ទម្លាយ​ព័ត៌មាន​យោធា​សំខាន់ៗ ទៅ​ឱ្យ​កាសែត​នេះ។ ការ​រិះគន់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី New York Times បាន​រាយការណ៍​ថា លោក Musk នឹង​ទទួល​បាន​ការ​សង្ខេប​ អំពី​ផែនការ​យោធា​របស់​សហរដ្ឋអាមេរិក ក្នុង​ករណី​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ New York Times ការ​សង្ខេប​នេះ ​នឹង​ផ្ដល់​ឱ្យ​លោក Musk នូវ​ការ​យល់​ដឹង​អំពី​ផែនការ​យោធា​សំខាន់ៗ ក្នុងនាមជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក Musk បាន​ចោទ​ប្រកាន់ New York Times ថា​ជា «ការ​ឃោសនា​សុទ្ធសាធ» និង​បាន​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត និង​កាត់ទោស​មន្ត្រី​ប៉ង់តាហ្គោន​ដែល​បាន​លេចធ្លាយ​ព័ត៌មាន​នេះ។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបដិសេធរបាយការណ៍នេះផងដែរ ដោយបញ្ជាក់ថាមិនមានការពិភាក្សាណាមួយអំពីប្រទេសចិននៅក្នុងជំនួបដែលបានរៀបរាប់នោះទេ។

ទោះ​ជា​យ៉ាងណា ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​បាន​ប្រាប់ Reuters ថា លោក Elon Musk នឹង​ត្រូវ​បាន​គេ​ផ្ដល់​ព័ត៌មាន​សម្ងាត់​កម្រិត​ខ្ពស់​ ដោយ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ក្រសួង​ការពារជាតិ។ ព័ត៌មាន​ទាំងនោះ​នឹង​គ្របដណ្ដប់​លើ​ប្រធានបទ​ជាច្រើន ប៉ុន្តែ​នឹង​មាន​ការ​ផ្ដោត​សំខាន់​មួយ​ទៅ​លើ​ប្រទេស​ចិន។

គួរបញ្ជាក់ថា ការចូលទៅកាន់ផែនការយោធាដ៏រសើបនេះ អាចបង្ហាញពីតួនាទីកាន់តែធំរបស់មហាសេដ្ឋីរូបនេះក្នុងនាមជាទីប្រឹក្សាប្រធានាធិបតី ត្រាំ។ លើសពីនេះ វាក៏បង្កឱ្យមានសំណួរអំពីជម្លោះផលប្រយោជន៍ ខណៈដែលក្រុមហ៊ុន Tesla និង SpaceX របស់លោកមានផលប្រយោជន៍អាជីវកម្មទូលំទូលាយនៅប្រទេសចិន និងជាមួយមន្ទីរប៉ង់តាហ្គោន៕