(ឡុងដ៍)៖ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា រដ្ឋមន្រ្តីការបរទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានរួមគ្នាអំពាវនាវឱ្យមានការវិលត្រឡប់ទៅរក បទឈប់បាញ់ហ្កាហ្សាវិញ ស្របពេលដែលយោធាអ៉ីស្រាអែល បានបន្តសង្រ្គាមរបស់ខ្លួនឡើងវិញនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខការទូតនៃប្រទេសទាំង៣ បាននិយាយដូច្នេះថា «ការបន្តឡើងវិញនូវការវាយប្រហារក្នុងហ្កាហ្សា គឺជាការបោះជំហានថយក្រោយយ៉ាងខ្លាំង សម្រាប់ប្រជាជនប៉ាឡេស្ទីននៅទីនោះ។ យើងតក់ស្លុតនិងខកចិត្តជាខ្លាំង ចំពោះចំនួនជនស៉ីវិលដែលបានរងគ្រោះ ហើយទទូចឱ្យវិលត្រឡប់វិញជាបន្ទាន់ ទៅរកបទឈប់បាញ់»។ ការចេញសេចក្តីថ្លែងការណ៍រួមនេះ គឺបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃសុក្រ បានគំរាមកាត់យកទឹកដីនៃតំបន់ហ្កាហ្សាស្រ្ទីប ប្រសិនបើក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ដែលកំពុងបន្តជាប់ឃុំឃាំងនៅហ្កាហ្សា ទេនោះ។
រដ្ឋមន្រ្តីការបរទេសទាំង៣ បានអំពាវនាវឱ្យភាគីទាំងអស់ ត្រឡប់មកចរចាគ្នា ដើម្បីធានាថា បទឈប់បាញ់ នឹងត្រូវអនុវត្តពេញលេញឡើងវិញ ហើយឆ្ពោះក្លាយទៅជាអចិន្រ្តៃយ៍។ ពួកគេបាននិយាយថា ហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំង ហើយមិនត្រូវគ្រប់គ្រងតំបន់ហ្កាហ្សា ឬធ្វើជាការគំរាមកំហែងចំពោះអ៉ីស្រាអែលទៀតឡើយ រីឯអ៉ីស្រាអែល ត្រូវគោរពច្បាប់អន្តជាតិឱ្យពេញលេញ ហើយអនុញ្ញាតលំហូរជំនួយចូលទៅកាន់ដែនដីប៉ាឡេស្ទីន។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ អ៉ីស្រាអែលបានចាប់ផ្តើមសាជាថ្មី នូវការវាយប្រហាររបស់ខ្លួនទាំងតាមផ្លូវអាកាស និងផ្លូវគោក នៅតំបន់ហ្កាហ្សា ជាហេតុធ្វើឱ្យដួលរលំបទឈប់បាញ់ ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី១៩ ខែមករា ស្របពេលដែលកិច្ចចរចា សម្រាប់ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់នោះ ស្ថិតក្នុងសភាពជាប់គាំង៕