(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះទៅកាន់តំបន់ Donetsk របស់អ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ ជាកន្លែងដែលលោកជួបជាមួយមេបញ្ជាការនៃអង្គភាពយន្តហោះដ្រូន ក្បែរទីក្រុងយុទ្ធសាស្ត្រភាគខាងកើត Pokrovsk។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ ២០២៥។

អស់រយៈពេលច្រេីនខែមកហេីយ កងទ័ពអ៊ុយក្រែនបានទប់ទល់នឹងការវាយលុករបស់រុស្ស៉ី នៅជុំវិញទីក្រុង Pokrovsk ដែលកងកម្លាំងទីក្រុងមូស្គូ កំពុងឈានទៅមុខបន្តិចម្តងៗ ដើម្បីព្យាយាមដណ្តើមកាន់កាប់តំបន់ទាំងមូល។

លោក ហ្សេលេនស្គី គូសបញ្ជាក់ថា « ខ្ញុំបានទៅមើលប៉ុស្តិ៍បញ្ជាការនៃក្រុម Tactical Group Pokrovsk ហើយបានជួបជាមួយមេបញ្ជាការនៃ Drone Line ដែលជាអង្គភាពដ្រូនរួមដ៏ល្អមួយនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ខ្ញុំបានទទួលរបាយការណ៍ស្តីពីការការពារទិសដៅ Pokrovsk ស្ថានភាពប្រតិបត្តិការ និងវឌ្ឍនភាពនៃបេសកកម្ម ហេីយខ្ញុំបានផ្តល់កិត្តិយសដល់អ្នកចម្បាំងរបស់យើង ជាមួយនិងរង្វាន់រដ្ឋ»។

គួរបញ្ជាក់ថា ដ្រូនត្រូវបានប្រេីប្រាស់យ៉ាងសន្ធឹកសន្ធាប់ក្នុងសង្រ្គាម ឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ អ៊ុយក្រែន បានស្វែងរកការលើកកម្ពស់ការផលិតដ្រូ ន និងជំរុញផលិតកម្មក្នុងស្រុក។ ក្រសួងការពារជាតិ បានឱ្យដឹងនៅក្នុងខែនេះថា នឹងទិញដ្រូន FPV ប្រមាណ ៤.៥លានគ្រឿងក្នុងឆ្នាំ ២០២៥ ដែលភាគច្រើនយកមកពីអ្នកផលិតក្នុងស្រុក ហេីយជាចំនួនច្រើនជាងទ្វេដង ធៀបនឹងឆ្នាំមុន៕