(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតាមដានសកម្មភាពរបស់មេដឹកនាំបណ្តោះអាសន្ននៅទីក្រុង Damascus ខណៈដែលទីក្រុងវ៉ាស៉ីនតោននឹងកំណត់គោលនយោបាយនាពេលអនាគតជាមួយស៉ីរី ប៉ុន្តែការបន្ធូរបន្ថយទណ្ឌកម្មណាមួយក្នុងពេលភ្លាមៗនេះ ទំនងជាមិនអាចទៅរួចទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ ២០២៥។
លោកស្រី Tammy Bruce បានឱ្យដឹងថា «យើងកំពុងតាមដានសកម្មភាពរបស់អាជ្ញាធរបណ្តោះអាសន្នស៉ីរីជាទូទៅលើបញ្ហាមួយចំនួន។ យើងក៏បន្តអំពាវនាវឱ្យមានរដ្ឋាភិបាលស៉ីវិលរួមបញ្ចូលគ្នា ដែលអាចធានាថាស្ថាប័នជាតិមានប្រសិទ្ធភាព ផ្តល់នូវការឆ្លើយតប និងតំណាងឱ្យប្រជាជន»។ នៅពេលត្រូវបានថាតើសហរដ្ឋអាមេរិក អាចបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ស៉ីរីឬទេ? លោកស្រី Bruce បាននិយាយថា មិនមានគម្រោងផ្លាស់ប្តូរត្រង់ចំណុចនេះទេ។
គួរបញ្ជាក់ថា នេះជាការឱ្យដឹងដ៏កម្រមួយ ជុំវិញការគិតគូរនៃរដ្ឋបាលលោក ត្រាំ ចំពោះគោលនយោបាយស៉ីរី ខណៈដែលទីក្រុងវ៉ាស៉ីនតោន បានស្ងប់ស្ងាត់ខ្លាំងលើប្រធានបទនេះចាប់តាំងពីការឡេីងកាន់តំណែង៕