(Reuters)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអ៊ុយក្រែន បានឱ្យដឹងថាការវាយប្រហាររបស់រុស្ស៉ីបានសម្លាប់មនុស្ស៣នាក់ជាសមាជិកគ្រួសារតែមួយ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា នៅឯទីក្រុង Zaporizhzhia ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេស និងមនុស្ស ៤នាក់ទៀតបានស្លាប់ នៅភាគខាងជើង និងភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថាទីក្រុង Zaporizhzhia បានរងការវាយប្រហារជាង១០លើក ដោយក្នុងនោះ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ និងឪពុកម្ដាយរបស់នាងត្រូវបានសម្លាប់ក្នុងការវាយប្រហារ ហើយមនុស្ស១២នាក់បានរងរបួស។ ដោយឡែក ក្រុមមន្ត្រីអ៊ុយក្រែនក្នុងតំបន់ Sumy ស្ថិតនៅភាគឦសាននៃប្រទេស បាននិយាយថាកងកម្លាំងរុស្ស៉ីកាលពីថ្ងៃសុក្រ បានទម្លាក់គ្រាប់បែកយ៉ាងហោច៦គ្រាប់លើភូមិ Krasnopillia ដោយសម្លាប់មនុស្ស២នាក់ និងរងរបួស២នាក់។ ចំណែក នៅឯតំបន់ Donetsk នៃភាគខាងកើតអ៊ុយក្រែនវិញ មនុស្ស២នាក់ត្រូវបានសម្លាប់ និង៩នាក់បាន រងរបួសក្នុងការវាយប្រហាររបស់រុស្ស៉ីកាលពីថ្ងៃសុក្រនោះដែរ។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង កាលពីថ្ងៃទី១៩ ខែមីនា បាននិយាយថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល៣០ថ្ងៃ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រីឯអ៊ុយក្រែនក៏បានយល់ព្រមទទួលយកសំណើនេះដែរ។ ប៉ុន្តែ ភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការធ្វើសកម្មភាពបំផ្លាញដល់កិច្ចប្រឹងប្រែងស្វែងរក សន្តិភាព ខណៈការវាយប្រហារតាមផ្លូវអាកាសនៅតែបន្តធ្វើឡើង៕