(គែរ)៖ ក្រុមមន្ត្រីហាម៉ាស បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានសម្លាប់មេដឹកនាំនយោបាយ ហាម៉ាស លោក Salah al-Bardaweel នៅថ្ងៃអាទិត្យ ទី២៣ ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប្រព័ន្ធផ្សព្វផ្សាយគាំទ្រក្រុមហាម៉ាស ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់លោក Bardaweel ដែលជាសមាជិកម្នាក់នៃការិយាល័យនយោបាយក្រុមហាម៉ាស ហើយក៏ បានសម្លាប់ភរិយារបស់លោកផងដែរ។ ប៉ុន្តែខាងក្រុមមន្ត្រីអ៉ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។

លោក Taher Al-Nono ជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំហាម៉ាស បានបង្ហោះសារកាន់ទុក្ខចំពោះការស្លាប់របស់លោក Bardaweel នៅលើទំព័រ Facebook របស់លោក។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានចោទប្រកាន់អ៉ីស្រាអែលថាបានសម្លាប់លោក Bardaweel ក្នុងពេលដែលរូបលោក និងភរិយាកំពុងថ្វាយបង្គំ ដោយមីស៊ីលមួយគ្រាប់របស់អ៉ីស្រាអែល បានធ្លាក់ចំតង់ស្នាក់នៅរបស់អ្នកទាំង២ ក្នុងទីក្រុង Khan Younis៕