(សាណា យេម៉ែន)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយេម៉ែន បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបើកការវាយប្រហារ កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា​លើអាកាសយានដ្ឋាន ក្នុងទីក្រុង Hodeida ដែលនេះជាការអះអាងចុងក្រោយបំផុតមួយចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនប្រកាសពីការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូទីកាលពីសប្ដាហ៍មុនមក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទូរទស្សន៍ Al-Masirah TV បានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាការឈ្លានពាន ហើយបានឱ្យដឹងដែរថាការវាយប្រហារចំនួន៣លើកបានកំណត់គោលដៅលើអាកាសយានដ្ឋាន ក្នុងទីក្រុង Hodeida ស្ថិតនៅតាមបណ្ដោយឆ្នេរនៃសមុទ្រក្រហម។ នៅចន្លោះកាលពីថ្ងៃពុធ ដល់ថ្ងៃសុក្រសប្ដាហ៍នេះ ទូរទស្សន៍របស់ក្រុមហ៊ូទីមួយនេះក៏បានចោទប្រកាន់ស្រដៀងគ្នានេះដែរ បន្ទាប់ពី ទីបញ្ជាការយោធាកណ្ដាលអាមេរិក កាលពីថ្ងៃពុធបានទទួលស្គាល់ពីការបន្តបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមកម្ទេចក្រុមហូទី ចោលតែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា សហរដ្ឋអាមេរិកបានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ដែលក្រុមមន្ត្រីអាមេរិកអះអាងថាបានសម្លាប់មន្ត្រីជាន់ខ្ពស់ហ៊ូទីជាច្រើននាក់ រីឯក្រុមហ៊ូទី ថាមនុស្ស៥៣នាក់ត្រូវបានសម្លាប់។ ការវាយប្រហារតាមផ្លូវអាកាសនេះធ្វើឡើងជាលើកដំបូងបំផុត​ចាប់តាំងពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ ខែមករា មក និងក្រោយក្រុមហ៊ូទីគំរាមបើកការវាយប្រហារជាថ្មីលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម៕