(តែលអាវីវ)៖ ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ដើម្បីបង្ហាញការប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet លោក Ronen Bar ចេញពីតំណែង និងការចាប់ផ្ដើមសង្រ្គាមឡើងវិញនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯទីលាន Habima Square ក្នុងទីក្រុង Tel Aviv ក្រុមបាតុករបាននាំគ្នាប្រវីទង់ជាតិអ៉ីស្រាអែល និងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងមួយដែលអាចនាំទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលកំពុង ជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ បាតុករម្នាក់ឈ្មោះ Moshe Haaharony មានអាយុ៦៣ឆ្នាំ បានប្រាប់ Reuters ថាសត្រូវដ៏គ្រោះថ្នាក់បំផុតរបស់អ៉ីស្រាអែល គឺលោក Benjamin Netanyahu ហើយក្នុងពេលជាង ២០ឆ្នាំមកនេះ លោកមិនដែលខ្វាយខ្វល់ពីប្រទេសជាតិនោះទេ ហើយក៏មិនបានខ្វាយខ្វល់ពីប្រជាជននោះដែរ។

លោក Netanyahu បាននិយាយថាលោកបានបាត់បង់ជំនឿចិត្តលើលោក Ronen Bar ដែលបានដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក ឬ Shin Bet ចាប់តាំងពីឆ្នាំ២០២១មក ហើយការបណ្ដេញចេញនេះ នឹងចូលជាធរមាននៅថ្ងៃទី១០ ខែមេសាខាងមុខ។ ប៉ុន្តែ ប្រជាជនអ៉ីស្រាអែលមួយចំនួនមិនពេញចិត្តនោះទេ ជាហេតុជំរុញឱ្យពួកគេធ្វើបាតុកម្មតវ៉ា រីឯតុលាការកំពូលអ៉ីស្រាអែល បានចេញបញ្ជា កាលពីថ្ងៃសុក្រ ឱ្យផ្អាកបណ្ដេញលោក Ronen Bar ចេញពីតំណែងជាបណ្ដោះអាសន្នសិន។

លោក Netanyahu ចំពោះការចោទប្រកាន់ដែលថាការសម្រេចចិត្តរបស់លោកបណ្ដេញលោក Ronen Bar ពីតំណែងជាចេតនានយោបាយ។ តែក្រុមអ្នករិះគន់ បានចោទប្រកាន់ថានាយករដ្ឋមន្ត្រីរូបនេះថាកំពុង បំផ្លាញស្ថាប័នមួយចំនួនដែលជាមូលដ្ឋាននៃប្រជាធិបតេយ្យរបស់អ៉ីស្រាអែល តាមរយៈការបណ្ដេញប្រមុខចារកម្ម Shin Bet៕