(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២៤ ខែមីនា បានច្រានចោលការដកតំណែងនាយករដ្ឋមន្ត្រីលោក Han Duck-soo និងប្រគល់អំណាចឱ្យរូបលោកវិញក្នុងនាមជាប្រធានាធិបតីស្ដីទី បន្ទាប់ពីត្រូវបានសភាគ្រប់គ្រងដោយគណបក្សប្រឆាំងបោះឆ្នោតចោទប្រកាន់ដកតំណែងកាលពីជាង២ខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Han Duck-soo បានឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី ក្រោយលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែងជុំវិញការប្រកាសដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Han បានកាន់តំណែងជាប្រធានាធិបតីស្ដីទីមិនដល់២សប្ដាហ៍ស្រួលបួលផង ក៏ត្រូវបានព្យួងតំណែងក្នុងនីតិវិធីចោទប្រកាន់ដកតំណែងកាលពី ថ្ងៃទី២៧ ខែធ្នូ ក្រោយប៉ះទង្គិចគ្នាជាមួយគណបក្សប្រឆាំងដែលកំពុងគ្រប់គ្រងសភា ពាក់ព័ន្ធនឹងការបដិសេធតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួន៣រូប។
គួរបញ្ជាក់ថា នេះបើតាមសេចក្ដីថ្លែងការណ៍របស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅក្នុងចំណោមចៅក្រមតុលាការធម្មនុញ ៨រូប មានចៅក្រម ៥នាក់បាននិយាយថាសំណើដកតំណែងលោក Han គឺស្របច្បាប់។ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីដកតំណែងលោក Han នោះទេ ខណៈរូបលោកមិនបានបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់របស់កូរ៉េខាងត្បូងពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬសកម្មភាពបះបោរនោះទេ។ ចៅក្រម២នាក់បានបោះឆ្នោតជំទាស់នឹងសំណើដកតំណែងលោក Han ហើយមានតែចៅក្រមតែម្នាក់គត់ដែលបាន បោះឆ្នោតគាំទ្រលើសំណើដកតំណែង៕