(វ៉ាស៊ីនតោន)៖ បេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា បានបង្ហាញពីគំនិតសុទិដ្ឋិនិយម នៅមុនកិច្ចចរចាកម្រិតខ្ពស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹង សង្រ្គាមនៅអ៊ុយក្រែន ហើយបាននិយាយថាលោកផ្ទាល់ជឿជាក់ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ចង់បិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News​ លោក Steve Witkoff បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿថាលោក (ពូទីន) ចង់បានសន្តិភាព។ ខ្ញុំគិតថាអ្នកនឹងបានឃើញពីភាពរីកចម្រើនមួយចំនួននៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទ (ទី២៤ ខែមីនា) ជាពិសេសពាក់ព័ន្ធនឹងបទឈប់បាញ់នៅឯតំបន់សមុទ្រខ្មៅរវាងប្រទេសទាំង២ (រុស្ស៉ី និងអ៊ុយក្រែន)»

គួរបញ្ជាក់ថា ក្រោយប្រតិភូអាមេរិកមួយក្រុម ចូលរួមក្នុងកិច្ចចរចានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ជាមួយក្រុមមន្ត្រីអ៊ុយក្រែន ស្ដីពីបទឈប់បាញ់មួយផ្នែករវាងអ៊ុយក្រែន និងរុស្ស៉ី ក្រុមមន្ត្រីអាមេរិក និងក្រុមមន្ត្រីរុស្ស៉ី ក៏នឹងចូលរួមក្នុងជំនួបមួយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅអារ៉ាប៊ីសាអូឌីត ផងដែរ៕