(វ៉ាស៉ីនតោន)៖ គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ ដើម្បីទស្សនាមូលដ្ឋានយោធាអាមេរិក និងទៅមើលកម្មវិធីប្រកួតសត្វសុនខនៅទីនោះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងផ្សព្វផ្សាយគំនិតចង់បានដែនដីពាក់កណ្តាលស្វ័យ័តរបស់ដាណឺម៉ាកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។

លោកស្រី Usha Vance ដែលជាភរិយារបស់លោក JD Vance អនុប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូដែលរួមមានទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Mike Waltz និងរដ្ឋមន្រ្តីក្រសួងថាមពល លោក Chris Wright។ លោក Waltz និងលោក Wright នឹងទៅទស្សនាមូលដ្ឋានទ័ពអវកាស Pituffik ដែលជាមូលដ្ឋានយោធាអាមេរិកនៅ Greenland។ អ្នកទាំងពីរនឹងទទួលបានរបាយការណ៍សង្ខេបការងារ ពីសមាជិកកងកម្លាំងអាមេរិកនៅទីនោះ។ បន្ទាប់មកនឹងចូលរួមជាមួយ លោកស្រី Usha Vance ដើម្បីទស្សនាកន្លែងប្រវត្តិសាស្ត្រ និងទៅមើលការប្រកួតសត្វសុនខថ្នាក់ជាតិផងដែរ។

លោក Brian Hughes អ្នកនាំពាក្យនៃទីប្រឹក្សាសន្តិសុខជាតិ បាននិយាយថា ក្រុមការងាររបស់សហរដ្ឋអាមេរិកមានទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះបង្ហាញពីឱកាសដើម្បីកសាងភាពជាដៃគូ ដែលមានការប្តេជ្ញាចិត្តពី Greenland ខ្លួនឯងផ្ទាល់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

គួរបញ្ជាក់ថា បំណងធ្វើឱ្យដែនដី Greenland ក្លាយជារបស់សហរដ្ឋអាមេរិក បានក្លាយជាចំណុចអត្ថាធិប្បាយដ៏សំខាន់មួយ របស់លោក ត្រាំ ចាប់តាំងពីឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ យ៉ាងនេះក្តី ទាំងរដ្ឋាភិបាល Greenland និងដាណឺម៉ាក បានសម្តែងការប្រឆាំងចំពោះបំណងនេះ។

ទីតាំងយុទ្ធសាស្ត្រ និងធនធានរ៉ែដ៏សម្បូរបែបរបស់ Greenland អាចផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក ពោលគឺ Greenland ស្ថិតនៅតាមបណ្តោយផ្លូវចម្ងាយខ្លីបំផុតពីអឺរ៉ុបទៅអាមេរិកខាងជើង ហើយមានសារៈសំខាន់សម្រាប់ប្រព័ន្ធព្រមានមីស៉ីលផ្លោងរបស់សហរដ្ឋអាមេរិក៕