(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិក គឺមិនអាចទៅរួចទេ លុះត្រាតែទីក្រុងវ៉ាស៉ីនតោន ផ្លាស់ប្តូរគោលនយោបាយដាក់សម្ពាធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីដើមខែនេះថា លោកបានផ្ញើលិខិតមួយដើម្បីស្នើឱ្យមានកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរទៅកាន់អ៉ីរ៉ង់ ដែលមានលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូល ដោយព្រមានថា «មានជម្រើសពីរឱ្យអ៉ីរ៉ង់នោះគឺការប្រើយោធា ឬធ្វើកិច្ចព្រមព្រៀង»។ ក្រោយមកលោក Khamenei បានច្រានចោលការព្រមាននោះ ដោយនិយាយថា «អ៉ីរ៉ង់មិនចរចាឡើយ ហើយអាមេរិកចង់ធ្វើអ្វីក៏ធ្វើទៅ»។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបវិញក្នុងពេលឆាប់ៗ។ ប៉ុ​ន្តែខណៈកំពុងរងចាំកិច្ចព្រមព្រៀងនុយក្លេអ៊ែរ លោក ត្រាំ បានដាក់សម្ពាធជាអតិបរមា ដូចកាលពីអាណត្តិដំបូងរបស់លោក រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ធ្លាក់ដល់សូន្យ។ ក្រោមលក្ខខណ្ឌបែបនេះ វាមិនអាចទៅរួចទេក្នុងការចូលទៅចរចាជាមួយអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលលោក ត្រាំ ស្នើឡើង លុះត្រាតែវិធីសាស្រ្តមួយចំនួនត្រូវបានផ្លាស់ប្តូរ។

គួរបញ្ជាក់ថា បន្ទាប់ពីការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៨ លោក ត្រាំ បានដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៉ីរ៉ង់ឡើងវិញ និងដែលបានធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ចុះខ្សោយ។ មួយឆ្នាំក្រោយមក ទីក្រុងតេហេរ៉ង់ បានចាប់ផ្តើមបំពានបំរាមនៃកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរ ដោយអនុវត្តលើសពីដែនកំណត់៕