(រីយ៉ាដ)៖ នៅថ្ងៃចន្ទ ទី២៤ ខែមីនា ក្រុមមន្រ្តីអាមេរិកនិងរុស្ស៉ី បានចាប់ផ្តើមកិច្ចពិភាក្សា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីលទ្ធភាពឆ្ពោះទៅរកបទឈប់បាញ់គ្នាមួយ សម្រាប់សង្រ្គាមដែលអូសបន្លាយជាង៣ឆ្នាំមកហើយ នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចពិភាក្សាអាមេរិក-រុស្ស៉ីខាងលើ ដែលប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ គឺកើតមានឡើង មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីអាមេរិក បានជួបសន្ទនាជាមួយ គណៈប្រតិភូអ៊ុយក្រែន នៅទីក្រុងដដែលនោះ ស្តីពីសង្រ្គាមជាមួយរុស្ស៉ី។ មុនជំនួបកម្រិតខ្ពស់ទាំងនេះ បេសកជនពិសេសអាមេរិក លោក Steve Witkoff បានបង្ហាញសុទិដ្ឋនិយម អំពីឱកាសដើម្បីបិទបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ហើយបានបង្ហាញភាពជឿជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពិតជាចង់បានសន្តិភាព។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ពូទីន បានទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យ​រុស្ស៉ីនិងអ៊ុយក្រែន បញ្ឈប់ការវាយប្រហារដាក់គ្នា លើហេដ្ឋារចនាសម្ព័ន្ធថាមពល សម្រាប់រយៈពេល៣០ថ្ងៃ ប៉ុន្តែបទឈប់បាញ់ដែលមានការកំណត់ខ្លាំងបែបនេះ បានទទួលរងការមិនជឿជាក់ភ្លាមៗ ដ្បិតភាគីទាំងសងខាង ត្រូវបានរាយការណ៍ថា នៅតែបន្តការវាយប្រហារតាមអាកាសទៅវិញទៅមក៕