(ការ៉ាកាស)៖ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានាធិបតី លោក Nicolas Maduro បានប្រកាសថា វ៉េណេស៊ុយអេឡា បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបន្តជើងហោះហើរធ្វើមាតុភូមិនិវត្តន៍នៃជនចំណាកស្រុកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។
លោក Maduro បាននិយាយថា «ដោយសារការតស៊ូរបស់រដ្ឋាភិបាល យើងនឹងបន្តជើងហោះហើរឡើងវិញ ដើម្បីការជួយសង្គ្រោះ និងដោះលែងជនចំណាកស្រុក ចេញពីពន្ធនាគារនៅសហរដ្ឋអាមេរិក»។ ចំណាត់ការនេះកើតមានឡើង ចំពេលមានជម្លោះការទូតរវាងអាមេរិក និងវ៉េណេស៊ុយអេឡា ជុំវិញជើងហោះហើរបញ្ជូនជនចំណាកស្រុកវ៉េណេស៊ុយអេឡា ទៅកាន់ប្រទេសអែលសាវ៉ាល់ឌ័រ កាលពីពេលថ្មីៗ។
គួរបញ្ជាក់ថា ជាផ្នែកមួយនៃយុទ្ធការបណ្តេញជនភៀសខ្លួនខុសច្បាប់ចេញពីអាមេរិក របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជនចំណាកស្រុកវ៉េណេស៊ុយអេឡារាប់រយនាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារនៅអែលសាវ៉ាល់ឌ័រ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា អ្នកដែលត្រូវបណ្តេញចេញទាំងនោះ គឺជាសមាជិកក្រុមជនអន្ធពាល Tren de Aragua ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា បានបដិសេធ៕