(ប៉េកាំង)៖ “ជំនឿចិត្តរបស់អ្នកប្រើប្រាស់ចិនត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ ”ពេលថ្មីៗកន្លងទៅនេះ សំដៅចំពោះនិន្នាការរស់រវើក នៃទីផ្សារប្រើប្រាស់ចិន ធនាគារ Deutsche របស់អាល្លឺម៉ង់ដែលជាធនាគារពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់បានវាយតម្លៃ ដូចពោលខាងលើនេះ។

តាមរបាយការណ៍ថ្មីបំផុតដែលធនាគារនេះ បានចេញផ្សាយឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៥២ភាគរយមាន ឆន្ទៈបន្ថែមការចំណាយ ដែលអាចចាត់ចែងបានដោយសេរី ដែលជាសមាមាត្រខ្ពស់បំផុត ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ចំណុចនេះក៏ត្រូវបានបញ្ជាក់ក្នុងទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសនោះដែរ៖ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិន បានឡើងដល់ជាង ៨.៣ទ្រីលានយាន់ប្រាក់ចិន ដែលមានកំណើនលើសពីការប៉ាន់ប្រមាណ។

តើជំនឿចិត្តនេះបានមកពីណា? លោក Wang Xiaosong សាស្ត្រាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិន បានថ្លែងថា មួយផ្នែក គឺមកពីសេដ្ឋកិច្ចចិនបានឆ្ពោះទៅរក ភាពនឹងនរនិងល្អប្រសើរ ចាប់ពីឆ្នាំ២០២៤មក កម្រិតចំណូលរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដែលបានផ្តល់មូលដ្ឋានគ្រឹះ នៃចំណូលដល់កំណើននៃការប្រើប្រាស់ ។

មួយផ្នែកទៀត គឺបានទទួលផលប្រយោជន៍ ពីការគាំទ្រខាងគោលនយោបាយមួយចំនួននៃរដ្ឋាភិបាលចិន។ ពីការដាក់ចេញគោលនយោបាយជំរុញកំណើនមួយចំនួន នៅខែកញ្ញាឆ្នាំ២០២៤ ដល់ការតម្កល់ទុកការជំរុញទីផ្សារប្រើប្រាស់ ដោយពេញទំហឹងក្នុងឋានៈចម្បងនៃភារកិច្ចធំទាំង១០ ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ រហូតដល់ ការបោះពុម្ពផ្សាយ 《ផែនការប្រតិបត្តិពិសេសសម្រាប់ជំរុញការប្រើប្រាស់》 នៅពេលថ្មីៗកន្លងទៅនេះ វិធានការទាំងនេះបានដើរតួនាទីជំរុញដ៏សំខាន់ ក្នុងការពង្រីកទីផ្សារប្រើប្រាស់។

មានការធានាខាងគោលនយោបាយ ហើយការច្នៃប្រឌិតថ្មីបានផ្តល់កម្លាំងចលករ ។ ស្របពេលដែលចិនពន្លឿនការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ទីផ្សារប្រើប្រាស់ក៏បានឆ្ពោះទៅរក “ភាពថ្មី”ជាបន្តបន្ទាប់ផងដែរ។ លោក Ralf Brandstaetter ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានប្រតិបត្តិ (CEO) នៃក្រុមហ៊ុនរថយន្ត Volkswagen ប្រចាំនៅចិនបានថ្លែងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងស្រុកចិន ពួកគេបានពន្លឿនដោយគ្រប់ជ្រុងជ្រោយ នូវការធ្វើបរិវត្តកម្មយុទ្ធសាស្ត្រ ដើរដោយកម្លាំងអគ្គិសនី ដើម្បីបោះជំហានទៅកាន់ដំណាក់កាលថ្មី នៃកំណើនជានិរន្តរភាព។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ប្រទេសចិនមានប្រជាជនចំនួនជាង ១ពាន់៤រយលាននាក់ ជាទីផ្សារធំបំផុតលើទូទាំងពិភពលោក ហើយក៏ជាប្រភពធនធានដ៏កម្រផងដែរ។ តាមការព្យាករណ៍នៃក្រុមហ៊ុន McKinsey ឱ្យដឹងថា ដល់ឆ្នាំ២០៣០ អ្នកក្រុងចិននឹងជំរុញកំណើនប្រើប្រាស់ ចំនួន៩១ភាគរយលើទូទាំងពិភពលោក ហើយទីក្រុងចំនួន ៧០០របស់ចិននឹងរួមចំណែក៧ទ្រីលានដុល្លារអាមេរិក ដល់កំណើនប្រើប្រាស់នៃទីក្រុងទូទាំងពិភពលោក ដែលមានអត្រារួមចំណែក៣០ភាគរយ។ ការប្រើប្រាស់ជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងរូបមន្តកំណើននៃសេដ្ឋកិច្ចចិន បានធ្វើបរិវត្តកម្មទៅរកការជំរុញដោយការប្រើប្រាស់ កំណើនសេដ្ឋកិច្ចពិភពលោក មុខជានឹងទទួលបាន កម្លាំងចលករថ្មីជាមិនខាន។

បច្ចុប្បន្ននេះ មានគម្រោងវិនិយោគដោយពាណិជ្ជករបរទេសដ៏សំខាន់មួយចំនួន ត្រូវបានអនុវត្តនៅប្រទេសចិនជាបន្តបន្ទាប់ ដែលមានទំហំវិនិយោគតាមផែនការឡើងដល់ ៣ម៉ឺន៣ពាន់លានដុល្លារអាមេរិក ។ ចាប់ពីនិន្នាការវិនិយោគទាំងនេះ មិនពិបាកឃើញទេថា ទីផ្សារប្រើប្រាស់របស់ចិនដ៏ធំទូលាយនេះ នៅតែជាទីផ្សារទាក់ទាញ ការវិនិយោគបរទេសដ៏ខ្លាំងបំផុតដដែល ៕

វិទ្យុមិត្តភាពកម្ពុជាចិន