(បែរឡាំង)៖ ​ក្រុមឧទ្ទាមហ៊ូទីដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បាន និងកំពុងបង្កើនការវាយប្រហារលើអ៉ីស្រាអែល និងនាវារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់សមុទ្រក្រហម បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនាដោយសម្លាប់មនុស្សយ៉ាងហោច ៥០នាក់ ក្នុងនោះរួមមានទាំងជនស៊ីវិល។ នេះបើតាមការអះអាង របស់ក្រុមហ៊ូទី។ លោក Thomas Juneau ជាអ្នកវិភាគម្នាក់ស្ដីពីតំបន់មជ្ឈិមបូព៌ាមកពីសាកលវិទ្យាល័យ University of Ottawa ក្នុងប្រទេសកាណាដា ប្រាប់ទូរទស្សន៍អាល្លឺម៉ង់ DW ថាអ្វីដែលគេកំពុង ឃើញ នោះគឺសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំដែលនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់ក្រុមហ៊ូទី។

អ្នកវិភាគរូបនេះបន្តថាក្រុមហ៊ូទីបានបង្ហាញឱ្យគេបានឃើញប៉ុន្មានឆ្នាំមកនេះថាពួកគេបានឆ្លងផុតការវាយប្រហារតាមផ្លូវអាកាសយ៉ាងមានប្រសិទ្ធភាព ដូចជាការវាយប្រហារតាមផ្លូវអាកាសពីអារ៉ាប៊ីសាអូឌីត អំឡុងសង្រ្គាមស៊ីវិល នៅយេម៉ែនដែលផ្ទុះឡើងកាលពីឆ្នាំ២០១៤ រួមទាំងការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីឆ្នាំ២០២៤។ ដូច្នេះគេត្រូវការពេលបន្ថែម ដើម្បីអាចវាយតម្លៃពីផលប៉ះពាល់បច្ចុប្បន្ន នៃការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងថាតើសហរដ្ឋអាមេរិក និងក្រុមហ៊ូទី កំពុងដើរទៅរកសង្រ្គាម ដែរឬក៏យ៉ាងណា?

មួយរយៈពេលខ្លី ក្រោយសង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ូទីបានចាប់ផ្ដើមបាញ់មីស៊ីល និងដ្រូនលើ អ៉ីស្រាអែល ព្រមទាំងវាយប្រហារលើកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហម ដើម្បីបង្ហាញនូវអ្វីដែលពួកគេហៅថាជាការបញ្ជាក់ពីការគាំទ្រដល់ក្រុមហាម៉ាស ​និងប្រជាជនប៉ាឡេស្ទីន។ ការវាយប្រហារទាំងនោះរបស់ក្រុមហ៊ូទី បានធ្វើឱ្យសហរដ្ឋអាមេរិកក្ដៅស្លឹកត្រចៀក ហើយបានបបួលចក្រភពអង់គ្លេសចាប់ផ្ដើមធ្វើការវាយប្រហារតាមផ្លូវអាកាសរួមគ្នា កាលពីខែមករា ឆ្នាំ២០២៤ ប្រឆាំងក្រុមហ៊ូទី។

អំឡុងបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសកាលពីដើមឆ្នាំ២០២៥ ក្រុមហ៊ូទីបានផ្អាកការវាយប្រហាររបស់ខ្លួន។ ប៉ុន្តែការចាប់ផ្ដើមសង្រ្គាមឡើងវិញរបស់អ៉ីស្រាអែលនៅហ្កាហ្សាកាលពីពេលថ្មីៗនេះ បានជំរុញឱ្យក្រុមហ៊ូទីវាយប្រហារសាជាថ្មីលើអ៉ីស្រាអែល រីឯសហរដ្ឋអាមេរិកក៏បានវាយប្រហារលើគោលដៅរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនផងដែរ។ លោក ដូណាល់ ត្រាំ វិញថែមទាំងព្រមានចំៗថានឹងកម្ទេច ក្រុមហ៊ូទីទាំងស្រុងទៀតផង។ បើតាមលោកស្រី Burcu Ozcelik ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ពីវិទ្យាស្ថាន Royal United Services Institute សម្រាប់រដ្ឋបាលលោក ត្រាំ ការវាយប្រហារតាមផ្លូវអាកាសលើ ក្រុមហ៊ូទី គឺជាជ័យជម្នះមួយយ៉ាងងាយស្រួល ជាពិសេសនៅក្នុងការបង្ហាញពីអំណាចយោធារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែថាតើការវាយប្រហារតាមផ្លូវអាកាសតែមួយមុខ គឺគ្រប់គ្រាន់អាចកំញើញ ឬកាច់ធ្មុងរបស់ ក្រុមហ៊ូទីបានឬក៏អត់? វាជារឿងផ្សេងមួយទៀត។

ព្រមពេលជាមួយគ្នា លោក ត្រាំ ក៏បានព្រមានអ៉ីរ៉ង់ផងដែរឱ្យបញ្ឈប់ផ្គត់ផ្គង់អាវុធឱ្យក្រុមហ៊ូទីជាបន្ទាន់ ដោយនិយាយថាលោកនឹងឱ្យតេហេរ៉ង់ទទួលខុសត្រូវលើរាល់ការវាយប្រហារទាំងឡាយរបស់ក្រុមហ៊ូទី។ តែ ជាការឆ្លើយតប មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាទីក្រុងតេហេរ៉ង់មិនមានប្រូកស៊ី ឬតួអង្គតំណាង ឬក៏កូនអុកនៅក្នុងតំបន់នោះទេ ដោយ ក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រ គឺធ្វើសកម្មភាពដោយឯករាជ្យ។ លោកស្រី Ozcelik បាននិយាយថារបបដឹកនាំអ៉ីរ៉ង់កំពុងព្យាយាមអះអាងពីការដកខ្លួននៅឆ្ងាយពីក្រុមហ៊ូទី ហើយខណៈវាជាការពិតដែលអ៉ីរ៉ង់ មិនអាចបញ្ជាឱ្យក្រុមហ៊ូទីធ្វើតាមខ្លួនគ្រប់រឿង ពិតណាស់ក្រុមហ៊ូទីមិនអាចពង្រីកឃ្លាំងអាវុធរបស់ខ្លួនបានឡើយ បើគ្មានការគាំទ្រពីអ៉ីរ៉ង់ទេនោះ។ លោក Juneau ក៏មានគំនិតដូចគ្នានេះដែរ។ លោកបន្ថែមថាអ៉ីរ៉ង់ បាននិយាយថាក្រុមហ៊ូទីធ្វើសកម្មភាពដោយឯករាជ្យ ហើយលោកផ្ទាល់គិតថាវាជាការពិត។ តែទោះជាបែបនេះក្ដី អ៉ីរ៉ង់ និងក្រុមហ៊ូទីមានផលប្រយោជន៍រួម ពួកគេធ្វើការជាមួយគ្នា ចែករំលែកព័ត៌មានគ្នា ទៅវិញទៅមក ពួកគេធ្វើកិច្ចសហប្រតិបត្តិការលើគោលនយោបាយរបស់ពួកគេ ប៉ុន្តែក្រុមហ៊ូទីមិនមែនធ្វើតាមបញ្ជាអ៉ីរ៉ង់គ្រប់រឿងនោះទេ។

នៅក្នុងអត្ថបទមួយសម្រាប់ទស្សនាវដ្ដីអាមេរិក Foreign Policy លោកស្រី Ozcelik និងមិត្តរួមការងាររបស់លោកស្រី គឺលោក Baraa Shiban បានគូសបញ្ជាក់ថាតួនាទីរបស់ក្រុមហ៊ូទីនៅក្នុងតំបន់មជ្ឈិមបូព៌ា មានការផ្លាស់ប្ដូរទៅហើយ។ តាមអ្នកវិភាគទាំង២រូប តុល្យភាពអំណាចនៅក្នុងបក្សសម្ព័ន្ធរបស់អ៉ីរ៉ង់ Axis of Resistance បានផ្អៀងទៅខាងក្រុមហ៊ូទី ដែលបានលេចមុខឡើងជាក្រុមប្រដាប់អាវុធក្រៅរដ្ឋាភិបាល ដ៏មានឥទ្ធិពល និងសកម្មមួយ បន្ទាប់ពីសមត្ថភាពការពារខ្លួន និងវាយលុករបស់ក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ដែរនោះ នៅក្នុងប្រទេសលីបង់ត្រូវបានអ៉ីស្រាអែលកម្ទេចមួយផ្នែកធំ។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគភាគច្រើនយល់ថាការវាយប្រហារតាមផ្លូវអាកាសតែមួយមុខ ឬមួយថ្ងៃ ២ថ្ងៃ គឺមិនអាចបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូទីបាននោះទេ ហើយគេក៏បានឃើញរួចហើយដែរ នៅក្នុងជំនាន់ រដ្ឋបាលលោក ចូ បៃដិនដែលបានរឹតត្បិតលើការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូទី។ ឥលូវ រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តបង្កើនការវាយប្រហារតាមផ្លូវអាកាស ដើម្បីធ្វើតេស្ដមើលថាតើការប្រើធម៌ក្ដៅរបស់ លោកអាចបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូទីបានដែរឬទេ? ដូច្នេះការវាយប្រហារតាមផ្លូវអាកាសត្រឹមពេលប៉ុន្មានថ្ងៃ ប្រហែលជានឹងមិនអាចបញ្ឈប់ក្រុមហ៊ូទីបានឡើយ លុះត្រាតែរដ្ឋបាលលោក ត្រាំ ធ្វើសកម្មភាព លើសពីនេះ។ ពោលបើមិនអាចការផ្ដាច់ជំនួយ និងលំហូរអាវុធដែលមួយផ្នែកធំមានប្រភពមកពីអ៉ីរ៉ង់ទៅឱ្យក្រុមហ៊ូទី រួមទាំងកម្លាំងចលករនយោបាយ និងសេដ្ឋកិច្ច ដែលផ្ដល់អំណាចដល់ក្រុមហ៊ូទីបានទេ នោះ ការវាយប្រហារតាមផ្លូវអាកាសគឺមានតែធ្វើឱ្យប្រជាជនយេម៉ែនរងការឈឺចាប់តែប៉ុណ្ណោះ៕