(ម៉ានីល)៖ កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិកបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាមានរយៈពេល៣សប្ដាហ៍ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ដោយសមយុទ្ធនេះនឹងផ្ដោតលើ ការការពារទឹកដី និងហ្វឹកហាត់ពីបៀបដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ព ៥០០០នាក់ មកពីហ្វីលីពីន និងកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធារួមគ្នាខាងលើក្នុងដំណាក់កាលទី១ នៃសមយុទ្ធ Exercise Salaknib នៅក្នុងឆ្នាំ២០២៥នេះ ខណៈដំណាក់កាលទី២ គ្រោងនឹងធ្វើឡើងចុងឆ្នាំនេះ។ សមយុទ្ធនេះនឹងផ្ដោតជាសំខាន់លើការពង្រឹងការធ្វើប្រតិបត្តិការរួមរវាងកងទ័ពនៃប្រទេសទាំង២ ការហ្វឹកហាត់ពីរបៀបដាក់ពង្រាយកងទ័ពទ្រង់ទ្រាយធំ សមយុទ្ធបាញ់គ្រាប់ពិត និងការការពារទឹកដី។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល កើតមានឡើង ចំពេលមានសេចក្ដីរាយការណ៍ថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល ក្នុងសប្ដាហ៍នេះ ដើម្បីជួបពិភាក្សាមេដឹកនាំហ្វីលីពីន និងសមភាគីរបស់លោក៕