(Reuters)៖ អេហ្ស៉ីបបានលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ ខណៈអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោច ៦៥នាក់ នៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេល២៤ម៉ោងគិតត្រឹមថ្ងៃចន្ទ ទី២៤ ខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពសន្តិសុខដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាសំណើរបស់អេហ្ស៉ីបត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុន ពោលបន្ទាប់ពីអំពើហិង្សាផ្ទុះកក្រើកឡើងវិញ ក្រោយអ៉ីស្រាអែលចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាស និងការវាយលុកថ្មើរជើងឡើងវិញប្រឆាំងនឹងក្រុមហាម៉ាស កាលពីថ្ងៃទី១៨ ខែមីនា ដោយបិទបញ្ចប់ភាពស្ងប់ស្ងាត់ជាង២ខែ ក្នុងសង្រ្គាមចាយពេលជាង១៥ខែមកនេះ។
តាមប្រភពដែល Reuters ទទួលបាន សំណើរបស់អេហ្ស៉ីបបានអំពាវនាវឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៥នាក់ជារៀងរាល់សប្ដាហ៍ ហើយអ៉ីស្រាអែលវិញត្រូវអនុវត្តដំណាក់កាលទី២ នៃបទឈប់បាញ់បន្ទាប់ពីមួយសប្ដាហ៍ដំបូង។ ហាម៉ាសមកទល់នឹងពេលនេះ មានចំណាប់ខ្មាំង ៥៩នាក់នៅក្នុងដៃ ក្នុងនោះមាន២៤នាក់ត្រូវបានគេជឿជាក់ថានៅរស់រានមានជីវិត។ ទាំងអាមេរិក និងហាម៉ាសបានយល់ព្រមទទួលយកសំណើរបស់អេហ្ស៉ីប តែខាងអ៉ីស្រាអែលមិនទាន់ឆ្លើយតបនៅឡើយទេ។ ប៉ុន្តែ ភ្លាមៗក្រុមហាម៉ាសមិនទាន់បានទទួលស្គាល់ជុំវិញសំណើរបស់អេហ្ស៉ីបនៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា បាននិយាយថាការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់របស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៧០០នាក់ ក្នុងនោះមានស្រ្តី និងកុមារ យ៉ាងហោច ៤០០នាក់ ចាប់តាំងពីថ្ងៃទី១៨ ខែមីនាមក ខណៈក្រុមមន្ត្រីហាម៉ាសអះអាងថាមន្ត្រីនយោបាយជាន់ខ្ពស់ និងក្រុមមន្ត្រីសន្តិសុខរបស់ខ្លួនជាច្រើននាក់ក៏ត្រូវបានសម្លាប់ផងដែរ៕