(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថាអ្នកសារព័ត៌មានម្នាក់មកពីទស្សនាវដ្ដី Atlantic ត្រូវបានអញ្ជើញដោយចៃដន្យឱ្យចូលរួមក្នុងគ្រុបឆាតមួយ ដែលក្នុងនោះមានទាំង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance ព្រមទាំងមន្ត្រីសន្តិសុខអាមេរិកកំពូលៗផ្សេងទៀត ដែលបានពិភាក្សាគ្នាអំពីផែនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅក្នុង ប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា។ ប៉ុន្តែផែនការនេះបានបែកធ្លាយ ហើយនិពន្ធនាយករបស់ទស្សនាវដ្ដី Atlantic លោក Jeffrey Goldberg បានដឹងជាមុន២ម៉ោង មុននឹងការវាយប្រហារដំបូងចាប់ផ្ដើម។ លោក Goldberg បានឱ្យដឹងថារូបលោកបានទទួលការផ្ញើសារមួយអញ្ជើញឱ្យចូលរួមក្នុងគ្រុបឆាត នៃកម្មវិធី Signal ពីគណនីមួយ មានឈ្មោះថា Michael Waltz។ ពីដំបូងឡើយ លោកមានការសង្ស័យថាឈ្មោះ Waltz នេះគឺជាលោក Michael Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ។

មួយសន្ទុះក្រោយមក ទើបលោក Goldberg ដឹងថារូបលោកស្រាប់តែស្ថិតក្នុងកិច្ចសន្ទនាមួយជាមួយក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក ១៨រូប ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជាដើម។

គួរបញ្ជាក់ថា ខាងសេតវិមានក៏បានទទួលស្គាល់ចំពោះការធ្វើឱ្យបែកធ្លាយផែនការវាយប្រហារលើក្រុមហ៊ូទីផងដែរ ខណៈលោក ត្រាំ នៅតែបង្ហាញការជឿជាក់លើក្រុមមន្ត្រីសន្តិសុខរបស់លោក។ ប៉ុន្តែ ខាងសមាជិក អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យវិញ មិនអស់ចិត្តទេ ដោយនិយាយការធ្វើឱ្យបែកធ្លាយផែនការនេះគឺជាការបំពានលើសន្តិសុខជាតិ និងបំពានលើច្បាប់ដែលគួរតែត្រូវបានស៊ើបអង្កេតដោយសភាទាំង ២របស់សហរដ្ឋអាមេរិក៕