(Reuters)៖ ភ្លើងឆេះព្រៃដ៏កំណាចបានបន្តឆេះរាលដាលទៅកាន់ទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ខណៈអាជ្ញាធរបានកំណត់តំបន់ចំនួន៣បន្ថែមទៀត ជាតំបន់ រងគ្រោះមហន្តរាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមអាជ្ញាធរកូរ៉េខាងត្បូង មនុស្សយ៉ាងហោច៤នាក់បានស្លាប់ និងមនុស្សរាប់រយនាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ទៅរកកន្លែងមានសុវត្ថិភាព ចាប់តាំងពីមានភ្លើងឆេះព្រៃនៅតាមទីតាំងជាច្រើន កន្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ កសិករម្នាក់ឈ្មោះ Kim Byung-wook មានអាយុ៦៤ឆ្នាំ រស់នៅក្នុងតំបន់ Sancheong ស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថាផ្ទះដែលលោក បានរស់នៅអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃ។
គួរបញ្ជាក់ថា Sancheong គឺជាតំបន់មួយដែលត្រូវបានចាត់ទុករួចហើយជាតំបន់រងគ្រោះមហន្តរាយ ហើយការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត។ ប្រធានាធិបតីស្ដីទី លោក Han Duck-soo ក៏បានបញ្ចូលតំបន់មួយក្នុងខេត្ត South Gyeongsang រួមទាំងតំបន់ ២ផ្សេងទៀតក្នុងទីក្រុង Ulsan និងខេត្ត North Gyeongsang ទៅក្នុងបញ្ជីឈ្មោះតំបន់រងគ្រោះមហន្តរាយផងដែរ៕