(Reuters)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថាខ្លួនបានបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន។ តែមិនមានសេចក្ដីរាយការណ៍ពី ការខូចខាត ឬជនរងគ្រោះណាម្នាក់ទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមយោធាអ៉ីស្រាអែល ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសអ៉ីស្រាអែល ក្នុងនោះរួមមានទីក្រុង Jerusalem និងទីក្រុង Tel Aviv ផងដែរ។ ក្រុមហ៊ូទីមានមូលដ្ឋានក្នុង ប្រទេសយេម៉ែន បានសន្យាថានឹងបង្កើនការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែល រួមទាំងនាវា ឬកប៉ាល់នៅក្នុងតំបន់សមុទ្រក្រហម ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក កាលពីថ្ងៃទី១៥ ខែមីនា។
អ្នកនាំពាក្យក្រុមហ៊ូទី លោក Yahya Saree បាននិយាយថាក្រុមរបស់ខ្លួនក៏បានកំណត់គោលដៅលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Truman ដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូស រួមទាំងដ្រូន។ ក្រុមហ៊ូទីបានដឹកនាំការវាយប្រហារច្រើនជាង ១០០លើក លើកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហម ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា ផ្ទុះឡើងកាលពីឆ្នាំ២០២៣មក ជាមួយការអះអាងថាការវាយប្រហាររបស់ពួកគេជាការបង្ហាញពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕