(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ចិនបានអះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានអះអាងដូចខាងលើ ដើម្បីឆ្លើយតបទៅកាន់អ្នកកាសែត ដែលបានសាកសួរថា តើទីក្រុងប៉េកាំង បានបដិសេធការស្នើសុំសិទ្ធិជ្រកកោននយោបាយ របស់លោក Duterte ឬយ៉ាងណា។ អ្នកនាំពាក្យបាននិយាយថា «ខ្ញុំចង់ចង្អុលបង្ហាញជាពិសេសថា ទស្សនកិច្ចរបស់លោក Duterte មកកាន់ទីក្រុងហុងកុង នាពេលកន្លងមក​ គឺជាដំណើរវិស្សមកាលលក្ខណៈឯកជន។ ប្រទេសចិនមិនដែលទទួលបានសំណើសុំសិទ្ធិជ្រកកោន ពីលោកអតីតប្រធានាធិបតី Duterte ឬក៏គ្រួសាររបស់លោក ផ្ញើមកកាន់រដ្ឋាភិបាលចិន នោះឡើយ»

គួរបញ្ជាក់ថា លោក Rodrigo Duterte ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា នៅឯព្រលានយន្តហោះទីក្រុងម៉ានីល ពេលត្រឡប់មកពីទីក្រុងហុងកុងវិញ។ ការចាប់ខ្លួននោះធ្វើឡើង តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធទៅនឹង​សង្រ្គាមបង្រ្កាបគ្រឿងញៀន អំឡុងពេលលោក Duterte នៅកាន់អំណាច ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ ពេលនេះ លោក Duterte កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ ICC នៅឯទីក្រុងឡាអេនៃប្រទេសហូឡង់៕