(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងដល់ ១៦នាក់ហើយ ខណៈភ្លើងឆេះព្រៃបន្តឆេះរាលដាលនៅទូទាំងតំបន់ ភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លើងឆេះព្រៃបានឆេះរាលដាលគួរឱ្យព្រួយបារម្ភនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេ រីឯអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារដែលស្ថិតនៅក្បែរទីតាំងមានភ្លើងឆេះព្រៃទៅកាន់ពន្ធនាគារផ្សេងជាបណ្ដោះអាសន្ន។ គិតត្រឹមថ្ងៃពុធ ទី២៦ ខែមីនា មនុស្ស ១២នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងតំបន់ Uiseong និង ៤នាក់ផ្សេងទៀតបានស្លាប់ដោយសារភ្លើងឆេះព្រៃនៅក្នុងតំបន់ Sancheong។

នៅឯតំបន់ Uiseong ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងគ្រប់គ្រងបានត្រឹមតែ ៦០ភាគរយប៉ុណ្ណោះនៃភ្លើងឆេះព្រៃ ស្របពេលខ្យល់បក់ខ្លាំងកំពុងបង្កឧបសគ្គដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះ ព្រៃ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីស្ដីទី លោក Han Duck-soo បានសន្យាថានឹងដាក់ពង្រាយឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ និងក្រុមអ្នកពន្លត់អគ្គិភ័យបន្ថែមទៅប្រយុទ្ធជាមួយ ភ្លើងឆេះព្រៃ។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ភ្លើងឆេះព្រៃបានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីជាង ១៥០០០ហិកតា ហើយតំបន់រងគ្រោះមួយចំនួនត្រូវបានចាត់ទុកជាតំបន់រងគ្រោះ មហន្តរាយ ហើយដែលការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត៕