(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បានរិះគន់ផែនការមកកាន់កោះ Greenland របស់ក្រុមប្រតិភូអាមេរិក ដោយនិយាយថា វាហាក់បីដូចជាការដាក់សម្ពាធមួយ ដែលមិនអាចទទួលយកបានសម្រាប់ដែនដីនេះ និងចំពោះប្រទេសរបស់លោកស្រី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។
សេតវិមាន បានប្រកាសថា លោកស្រី Usha Vance ដែលជាភរិយារបស់លោក JD Vance អនុប្រធានាធិបតីអាមេរិក នឹងទៅលេងកោះ Greenland ក្នុងសប្តាហ៍នេះ ដើម្បីទៅមើលការប្រកួតសត្វសុខនថ្នាក់ជាតិ នៅឯទីក្រុងឆ្នេរសមុទ្រភាគពាយ័ព្យ Sisimiut។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ក៏នឹងទៅបំពេញទស្សនកិច្ចនៅ Greenland ក្នុងសប្តាហ៍នេះដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright នឹងធ្វើដំណើរទៅទីនោះផងដែរ។
លោកស្រី Frederiksen បានប្រាប់អ្នកយកព័ត៌មានថា «គេមិនអាចរៀបចំដំណើរទស្សនាលក្ខណៈឯកជន រួមជាមួយអ្នកតំណាងផ្លូវការនៃប្រទេសមួយដូច្នេះបានទេ។ នេះច្បាស់ណាស់ថា មិនមែនជាដំណើរទស្សនកិច្ចដែល Greenland ត្រូវការ ឬចង់បានឡើយ។ វាដូចជាមានសម្ពាធដាក់មកលើ Greenland និងដាណឺម៉ាក ហើយយើងនឹងរកវិធីទប់ទល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក JD Vance ក៏បានបង្ហោះសារលើបណ្តាញសង្គម X ថារូបលោក នឹងដឹកនាំគណៈប្រតិភូអាមេរិក បំពេញទស្សនកិច្ចទៅកាន់ដែនដី Greenland ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះផងដែរ ស្របពេលដែលលោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថា សហរដ្ឋអាមេរិកគួរតែគ្រប់គ្រងលើដែនដី Greenland ដោយសំអាងថា ដែនដីនេះមានសារៈសំខាន់សម្រាប់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែ ការអះអាងនេះត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និង Greenland ច្រានចោលយ៉ាងដាច់ខាត៕