(តៃប៉ិ)៖ ក្នុងសប្តាហ៍នេះ អនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ម្នាក់ នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីមួយប្រារព្ធធ្វើ ក្នុងឱកាសនៃការចាប់ផ្តើមដំឡើងរួចរាល់ជាស្ថាពរ នូវយន្តហោះចម្បាំង F-16 ស៊េរីថ្មី ដែលដែនកោះនេះ បានបញ្ជាទិញច្រើនឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។

កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានអនុម័តការលក់មានទំហំទឹកប្រាក់៨ពាន់លានដុល្លារ នៃយន្តហោះចម្បាំង F-16V ផលិតដោយក្រុមហ៊ុន Lockheed Martin ឱ្យមកតៃវ៉ាន់។ កិច្ចព្រមព្រៀងនោះ នឹងធ្វើឱ្យតៃវ៉ាន់ មានយន្តហោះ F-16 សរុប​កើនដល់ជាង២០០គ្រឿង ដែលច្រើនជាងគេបង្អស់នៅតំបន់អាស៉ី។

តៃវ៉ាន់បាននិងកំពុងបន្តកែច្នៃ យន្តហោះចម្បាំង F-16A/B ចំនួន១៤១គ្រឿងរបស់ខ្លួន ទៅជា F-16V ដែលជាយន្តហោះ F-16 ស៊េរីចុងក្រោយបង្អស់ ហើយបានបញ្ជាទិញ F-16V ថ្មីៗចំនួន៦៦គ្រឿងបន្ថែម។ យន្តហោះចម្បាំង F-16V មានប្រព័ន្ធអេឡិចត្រូនិក រ៉ាដា និងសព្វាវុធកាន់តែទំនើប ដែលអាចជួយឱ្យកងទ័ពអាកាសតៃវ៉ាន់ ប្រឈមមុខប្រសើរជាងមុន ជាមួយកងទ័ពអាកាសចិន។ យ៉ាងណាមិញ តៃវ៉ាន់ប៉ុន្មានឆ្នាំមកនេះ បានត្អូញត្អែរអំពីការពន្យារពេលនៃយន្តហោះ F-16V ថ្មី ទាំងនោះ។

ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងតៃប៉ិ នាថ្ងៃពុធនេះ ប្រធាននាយកដ្ឋានផែនការនៃកងទ័ពអាកាសតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះ F-16V ដំបូង សម្រាប់តៃវ៉ាន់ នឹងត្រូវបញ្ចេញពីរោងចក្រ នៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ហើយអនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់មួយរូប នឹងដឹកនាំប្រតិភូទៅចូលរួមពិធីដែលប្រារព្ធធ្វើ ក្នុងឱកាសដំឡើងយន្តហោះនោះ រួចរាល់។ កោះតៃវ៉ាន់ មានអនុរដ្ឋមន្រ្តីការពារជាតិ២រូប។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយចិនតែងតែអំពាវនាវឱ្យអាមេរិក កាត់ផ្តាច់ការទាក់ទងផ្នែកយោធា​ជាមួយដែនកោះនេះ។ សហរដ្ឋអាមេរិក មានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួន ប៉ុន្តែភាគីមានទំនាក់ទំនងការទូតផ្លូវការនោះទេ ដ្បិតទីក្រុងវ៉ាស៉ីនតោន ទទួលស្គាល់តែរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុណ្ណោះ៕