(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ភ្លើងឆេះព្រៃបានបន្តផ្តាច់ជីវិតមនុស្ស កើនដល់២៤នាក់ ហើយបានព្រមានថា តួលេខអ្នកស្លាប់ អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលការឆាបឆេះរាលដាល នៅតែមិនទាន់អាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥។

មន្រ្តីមួយរូបនៃក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូង បានប្រាប់ AFP នារសៀលថ្ងៃពុធនេះថា ឥឡូវមនុស្សកើនដល់២៤នាក់ ត្រូវបញ្ជាក់ថាបានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ ហើយ២៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ១២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មន្រ្តីរូបនោះបន្ថែមថា ទាំងនេះគ្រាន់ជាតួលេខបឋមប៉ុណ្ណោះ ពោលគឺវាអាចនឹងបន្តកើនឡើងទៀត។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ឧទ្ធម្ភាគចក្រ១គ្រឿង ក៏បានធ្លាក់ផងដែរ អំឡុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ នៅតំបន់ Uiseong ហើយបានបណ្តាលឱ្យស្លាប់អាកាសយានិកអាយុ៧៣ឆ្នាំ។ ក្រោយឧប្បត្តិហេតុនោះ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យទាំងអស់ ត្រូវបាន​ផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង បានចាប់ផ្តើមដំបូង កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯតំបន់ Sancheong ក្នុងខេត្ត South Gyeongsang ហើយបានរាលដាលដល់តំបន់ដទៃទៀត រួមមានដូចជា Uiseong, Andong, Cheongsong, Yeongyang និង Yeongdeok ជាដើម៕