(គូឡាឡាំពួ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា អាជ្ញាធរម៉ាឡេស៉ី និងអាកាសចរណ៍ AirAsia បានឱ្យដឹងថា ជើងហោះហើរមួយរបស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីនបានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច ហើយយន្តហោះនោះ បានចុះចតដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
AirAsia បានប្រាប់ថា យន្តហោះ Airbus 320 ជើងហោះហើរ AK128 បានស្ថិតក្នុងការធ្វើដំណើរឆ្ពោះទៅទីក្រុង Shenzhen ប៉ុន្តែបានវិលមកអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួវិញ ដោយសារតែមានភាពមិនប្រក្រតី នៅក្នុងម៉ាស៉ីនមួយរបស់យន្តហោះ។ រីឯអាជ្ញាធរពន្លត់អគ្គិភ័យនៃរដ្ឋ Selangor របស់ម៉ាឡេស៉ី បាននិយាយថា មានភ្លើងឆាបឆេះនៅខាងក្នុងម៉ាស៉ីន ផ្នែកខាងស្តាំរបស់យន្តហោះ ក្រោយយន្តហោះហោះចេញដំណើរបានបន្តិច កាលពីម៉ោង១០យប់ថ្ងៃពុធ ប៉ុន្តែភ្លើងនោះត្រូវបានប្រព័ន្ធសុវត្ថិភាពក្នុងម៉ាស៉ីនផ្ទាល់ ពន្លត់ឱ្យរលត់ទៅវិញ។
គួរបញ្ជាក់ថា ទោះជាយ៉ាងណា យន្តហោះខាងលើ បានចុះចតដោយសុវត្ថិភាព នៅវេលាយប់ពាក់កណ្តាលអធ្រាត្រ ហើយអ្នកដំណើរទាំងអស់ និងក្រុមការងាររបស់យន្តហោះ បានចាកចេញពីយន្តហោះដោយសុវត្ថិភាព និងគ្មាននរណាម្នាក់រងរបួសអ្វីឡើយ។ AirAsia បានឱ្យដឹងថា អ្នកដំណើរទាំង១៧១នាក់ ត្រូវបានផ្ទេរទៅកាន់យន្តហោះ១គ្រឿងទៀត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Bao'an នៃទីក្រុង Shenzhen កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕