(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៦ ខែមីនា សហរដ្ឋអាមេរិក បានយល់ព្រមចំពោះការលក់ យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក DSCA បានប្រកាសឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័តគម្រោងលក់យន្តហោះដ្រូនខាងលើ ហើយខ្លួនបានជូនដំណឹងទៅកាន់សភាអាមេរិក ដើម្បីរង់ចាំការផ្តល់ភ្លើងបៃតងចុងក្រោយ។ ទីភ្នាក់ងារ DSCA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សំណើលក់យន្តហោះដ្រូននេះ នឹងគាំទ្រដល់កម្មវត្ថុនៃគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយពង្រឹងសន្តិសុខរបស់ប្រទេសជាមិត្ត ដែលបន្តដើរតួនាទីជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ច។
គួរបញ្ជាក់ថា កាតាដែលជាឧបទ្វីបតូចមួយ មានប្រជាជនត្រឹម៣លាននាក់ ប៉ុន្តែសម្បូរទៅដោយធនធានប្រេងនិងឧស្ម័ន បានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះដ៏ធ្ងន់ធ្ងរ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា៕