(តៃប៉ិ)៖ ទាហានតៃវ៉ាន់ចំនួន៤នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទលួចថតរូបភាព និងផ្តល់ព័ត៌មានសម្ងាត់ៗ ឱ្យទៅចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥។

កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការនៅទីក្រុងតៃប៉ិ បានប្រកាសថា សមាជិក៣នាក់ នៃអង្គភាពយោធាមួយ ដែលទទួលបន្ទុកផ្នែក​សន្តិសុខ សម្រាប់ការិយាល័យមេដឹកនាំតៃវ៉ាន់ និងទាហានម្នាក់នៅទីបញ្ជាការព័ត៌មាននិងទូរគមនាគមន៍ នៃក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ដោយសារបានបំពានច្បាប់សន្តិសុខជាតិ។

អ្នកទាំង៤ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ចន្លោះចាប់ពី៥ឆ្នាំ១០ខែ រហូតដល់៧ឆ្នាំ។ ពួកគេបានប្រព្រឹត្តបទល្មើស កាលពីចន្លោះ ឆ្នាំ២០២២ និងឆ្នាំ២០២៤ ហើយទទួលបានលុយចន្លោះចាប់ពីខ្ទង់២៦០ ០០០ដុល្លារតៃវ៉ាន់ ដល់៦៦០ ០០០ដុល្លារតៃវ៉ាន់ ឬស្មើនឹងចាប់ពី៧ ៨៥០ដុល្លារអាមេរិក ដល់២០ ០០០ដុល្លារអាមេរិក។

គួរបញ្ជាក់ថា បើតាមរបាយការណ៍កន្លងមក របស់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់តៃវ៉ាន់ មនុស្សសរុប៦៤នាក់ ត្រូវបានកាត់ទោស​ពីបទធ្វើចារកម្មឱ្យចិន កាលពីក្នុងឆ្នាំ២០២៤ ធៀបនឹង៤៨នាក់ នៅក្នុងឆ្នាំ២០២៣ និងត្រឹម១០នាក់ ក្នុងឆ្នាំ២០២២៕